ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានថ្កោលទោសសេវាសុខាភិបាលរបស់ប្រទេសខ្លួន ហើយបានរិះគន់ក្រុមមន្ត្រីសម្រាប់ “ការធ្វើរឿងឥតបានការនិងគ្មានទំនួលខុសត្រូវ”។
យោងតាមភ្នាក់ងារជំនួយអន្ដរជាតិបានឲ្យដឹងថា កូរ៉េខាងជើងដែលទទួលរងការដាក់ទណ្ឌកម្មជាច្រើនសំណុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការស្វែងរកអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺត្រូវទទួលរងនូវកង្វះខាតស្បៀងអាហាររ៉ាំរ៉ៃនិងសេវាសុខាភិបាលមិនគ្រប់គ្រាន់។
មន្ទីរពេទ្យខ្វះឱសថ គ្រឿងបរិក្ខារនិងបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល។
ខណៈដែលក្រុងព្យុងយ៉ាងបានប្រកាសជាទៀងទាត់នូវបំណងប្រាថ្នារបស់ខ្លួនក្នុងការផ្តល់ឲ្យប្រជាជនរបស់ខ្លួននូវជីវិតប្រសើរជាងមុននោះ លោកគីមបានថ្កោលទោសយ៉ាងពេញទំហឹងលើប្រព័ន្ធសុខាភិបាលរបស់ខ្លួនក្នុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតឱសថមួយ។
ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា លោកគីមបាននិយាយថា “វិស័យមួយចំនួនបានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប៉ុន្តែវិស័យសុខាភិបាលសាធារណៈមិនដែលធ្វើដូច្នេះទេហើយកាន់តែមានភាពអសកម្ម”។
លោកបានលើកឡើងនៅរោងចក្រផលិតគ្រឿងបរិក្ខារវេជ្ជសាស្ត្រ Myohyangsan ថា “មិនមានអង្គភាពរក្សាបរិស្ថានរបស់ខ្លួនឲ្យបានល្អក្នុងវិស័យសុខាភិបាលសាធារណៈទេ”។
លោកគីមបាននិយាយទៀតថា គណបក្សពលករដែលកំពុងកាន់អំណាចបានសង្កត់ធ្ងន់លើតម្រូវការក្នុងការកែលម្អសេវាសុខភាពប៉ុន្តែមន្ត្រីឥតបានការនិងគ្មានទំនួលខុសត្រូវកំពុងធ្វើការនេះ។
ចាប់តាំងពីកិច្ចប្រជុំកំពូលរបស់គាត់ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាមក លោកគីមបានសង្កត់ធ្ងន់លើការអភិវឌ្ឍសេដ្ឋកិច្ចដោយទៅពិនិត្យមើលតំបន់ឧស្សាហកម្មនិងរោងចក្រនៅទូទាំងប្រទេស។
ប្រទេសកូរ៉េខាងជើងបានអំពាវនាវឲ្យបញ្ចប់ការដាក់ទណ្ឌកម្មខណៈសហរដ្ឋអាមេរិកបានជំរុញឲ្យសហគមន៍អន្តរជាតិរក្សាយុទ្ធសាស្ត្រដ៏តឹងរ៉ឹងមួយរហូតដល់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង៕ AFP
Source: Kampuchea Thmey Daily
0 Comments