Ad Code

៦​ខែ​ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបរទេស​ដែល​ប្រព្រឹត្តិ​បទល្មើស​បាន​ចំនួន​៣៧៨​នាក់​ភាគច្រើន​បទល្មើស​គ្រឿងញៀន



ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​ប្រចាំត្រីមាស​ទី​២ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជនបរទេស​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​នៅក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ​ជនបរទេស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​មាន​ចំនួន​៨៨​ករណី ឃាត់ខ្លួន​៣៧៨​នាក់ មាន​២៥​សញ្ជាតិ​។

​ក្នុងចំណោម​បទល្មើស​ដែល​ជនបរទេស​បាន​ប្រព្រឹត្តិ​បទល្មើស ភាគច្រើន​ជា​បទល្មើស​ប្រើប្រាស់​ជួញដូរ​គ្រឿងញៀន​មាន ចំនួន​១៧​ករណី ស្មើនឹង ១៩,៣១% នៃ​ចំនួន​សរុប​៨៨​ករណី ក្នុងនោះ​ជនជាតិ​ចិន​បាន​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាង​គេ គឺ​ចំនួន​២៥៧​នាក់​, នី​ហ្ស៊េ​រី​យ៉ា​៣៧​នាក់​, វៀតណាម​១៤​នាក់​, ថៃ​១២​នាក់​, កូ​រ៉​ខាងត្បូង​០៨​នាក់ ហើយ​ភូមិសាស្ត្រ​ដែល​កើតមាន​ច្រើនជាងគេ នៅ​រាជធានី​ភ្នំពេញ​។

តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា ​ចំណែក វិនិយោគិន និង​អ្នក​ទេសចរណ៍​បរទេស ដែល​មក​ប្រទេស​កម្ពុជា បាន​ទទួល​រងគ្រោះ​មាន​ចំនួន​១៧៨​ករណី ភាគច្រើន​ដោយ​អំពើ​ចោរកម្ម​លួច​-​ឆក់​មាន​ចំនួន​៧៧​ករណី ស្មើនឹង​៤៣,២៥% មាន​៣៧​សញ្ជាតិ ក្នុងនោះ​សញ្ជាតិ​ច្រើន​ជាង​គេ​គឺ ចិន​៦១​នាក់​, វៀតណាម​២២​នាក់​, បារាំង​១៤​នាក់​, អង់គ្លេស​១៣​នាក់​, អូស្ត្រាលី​១១​នាក់ ហើយ​ភូមិសាស្ត្រ​ដែល​កើតមាន​ច្រើនជាងគេ នៅ​រាជធានី​ភ្នំពេញ​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០១៨​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ដែលមាន​ការចូលរួម​ពី​តំណាង​ស្ថាន​ទួត​នានា នាយ​ឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជនបរទេស​ប្រចាំ​នៅ​កម្ពុជា តំណាង​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន បាន​ថ្លែងអំណរគុណ​ដល់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ជាពិសេស​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជនបរទេស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ការពារ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ខ្លួន និង​ការការពារ​សន្តិសុខ សុវត្ថិភាព ជូន​វិនិយោគិន ភ្ញៀវ​ទេសចរណ៍​បរទេស មន្ត្រីការទូត ទីតាំង​ស្ថានទូត និង​និវេសនដ្ឋាន​ឯកអគ្គរាជទូត​-​រដ្ឋទូត ដែលមាន​វត្ត​មាននៅ​កម្ពុជា​។

ជា​មួយ​គ្នា​នេះ នាយ​ឧត្ដមសេនីយ៍ ថោង លីម បាន​ណែនាំ​ដល់​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ជា​សមាជិក ត្រូវ​អនុវត្ត​តាម​ផែនការ របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការ​ការពារ​សន្តិ​សុខ​ជូន​វិនិយោគិន និង​អ្នកទេសចរ​បរទេស ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាក់ទាញ និង​លើកទឹកចិត្ត​វិស័យ​វិនិយោគ និង​ទេសចរណ៍​នៅ​កម្ពុជា​។

គួរ​បញ្ជាក់​ថា ​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​យ៉ា​ង​ល្អ ជាមួយ​បណ្តា​ស្ថានទូត និង​ស្ថាន​តំណាង​ទាំង​ជំនួប​ទ្វេភាគី និង​ពហុភាគី ដើម្បី​ពិភាក្សា​គ្នា​ដោះស្រាយ បញ្ហា​នានា ឲ្យ​បាន​ទាន់ពេលវេលា​ទាំង​នៅ​ថ្នាក់ជាតិ និង​តាម​រាជធានី​-​ខេត្ត រួម​ទាំង​បាន​ការពារ​គណៈប្រតិភូ​បរទេស និង​មន្ត្រីការ​ទូត​បរទេស ក្នុង​ដំណើរ​ទស្សនកិច្ច និង​ការ​ចុះ​បំពេញបេសកកម្ម​នានា​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu