Ad Code

គ្រូបង្វឹក​និង​ប្រធាន​ក្រុម​ភ្នំពេញ​ក្រោ​ន និយាយ​ពី​ចំណុច​វិជ្ជមាន​ នៃ​ដំណើរ​មកដល់​របស់ Keisuke Honda ជា​ក្បាលម៉ាស៊ីន​ក្រុម​ជម្រើសជាតិ



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​តែង​តាំង​កីឡាករ Keisuke Honda អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន ឲ្យ​ធ្វើ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ឆ្នាំ​២០១៨ ថ្មីៗ​នេះ ដើម្បី​ត្រៀម​ដឹកនាំ​ក្រុម​ក្នុង​យុទ្ធនា​ការសំខាន់​នៅ​ចុងឆ្នាំ​២០១៨ ខាងមុខ​ជាពិសេស​គឺ​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018​។​

​ជុំវិញ​នឹង​ការ​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​គោព្រៃ​កម្ពុជា​របស់​កីឡាករ Honda ប្រធាន​ក្រុម​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន កីឡាករ អ៊ុក សុធី លើកឡើង​ថា «​ខ្ញុំ​សប្បាយចិត្ត​នៅពេលដែល​ដឹងថា Honda មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ព្រោះ​យើង​បាន​ដឹង​ហើយ​ថា ​បាល់ទាត់​នៅ​ប្រទេស​ជប៉ុន មានការ​រីកចម្រើន​ខ្លាំង​។ ដូច្នេះ​វា​ជា​ឱកាសល្អ​សម្រាប់​យើង​ក្នុងការ​រៀនសូត្រ​ពី​គាត់​។ ជា​ធម្មតា​នៅ​ពេល​ដែល​គ្រូ​ដែល​ទើបតែ​ចូល​មក​កាន់​ថ្មី​គឺ​តែងតែ​នាំមក​នៅ​បច្ចេកទេស​ថ្មីៗ​មក​ជា​មួយ ទាំង​របៀប​ប្រយុទ្ធ និង​ការ​ការពារ​។ ខ្ញុំ​សង្ឃឹមថា​ វត្តមាន​របស់​គាត់​នឹង​អាច​កែប្រែ​បាល់ទាត់​នៅ​កម្ពុជា ឲ្យ​រីកចម្រើន​ទៅមុខ​តទៅទៀត​»​។



ចំណែក​លោក Sean Sainbury ដែល​ជា​គ្រូ​បង្គោល​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន វិញ​បាន​យល់ឃើញ​ថា «​ខ្ញុំ​គិតថា​វា​ជា​រឿង​ដែល​ល្អ​ក្នុង​ការប្រកាស Honda មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ ដោយសារតែ​គាត់​ជា​បុគ្គល​ល្បី ហើយ​គាត់​បាន​ធ្វើ​ការងារ​ច្រើន​នៅ​កម្ពុជា​ទាក់ទង​នឹង​វិស័យ​បាល់ទាត់​ដូច​ជា​មាន​ក្លិប​ផ្ទាល់ខ្លួន​នៅទីនេះ​។ ខ្ញុំ​គិតថា​ វា​គឺជា​រឿង​វិជ្ជមាន​មួយ​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​កង្វល់​មួយ​ គឺ​បច្ចុប្បន្ន​នេះ​គាត់​គឺជា​កីឡាករ​នៅឡើយ​។ ដូច្នេះ​តើ​គាត់​អាច​នៅ​ជាមួយ​ក្រុម​ធ្វើការ​យ៉ាង​ដូច​ម្តេច​? ជា​រួម​ខ្ញុំ​ដូចជា​ចម្លែក​ចិត្ត​ដែរ ព្រោះ​គាត់​នៅ​ជា​កីឡាករ ហើយ​មក​ធ្វើការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ទៀត​»​។



សូម​រំលឹក​ថា​ វត្តមាន​របស់ Keisuke Honda មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​កិច្ចសន្យា​រយៈពេល​២​ឆ្នាំនេះ ដោយ​ស្ម័គ្រចិត្ត​ពុំ​មាន​ការយក​ប្រាក់ខែ​អ្វី​នោះទេ​។ កីឡាករ Keisuke Honda ចូលកាន់​តួនាទី​នេះ​ ដែល​ទំនេរ​ចាប់តាំងពី​គ្រូ​បង្គោល​ជនជាតិ​ប្រេ​ស៊ី​ល Leonardo Vitorino ចាក​ចេញពី​តំណែង​អំឡុង​ខែតុលា​ ឆ្នាំ​២០១៧ និង បាន​កាន់​ការងារ​បណ្ដោះ​អាសន្ន​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា នា​ពេល​កន្លងមក៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu