Ad Code

ខឹង​ខុស ខឹង​ខូច ខឹង​ខាត ​៖​ តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា ​ដែល​យក​កាំភ្លើង​វាយ​ក្បាល​អ្នកលក់​ប្រហិត



ភ្នំពេញ ​៖​ លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី ០៦​ ខែ​សីហា ឆ្នាំ​២០១៨ បាន​ចោទប្រកាន់​មន្ត្រី​យោធា​ម្នាក់​ ដែល​យក​កាំភ្លើង​វាយ​ក្បាល​អ្នកលក់​ប្រហិត ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ប្រើ​អាវុធ​ខុសច្បាប់ រួច​បញ្ជូន​ជន​ត្រូវ​ចោទ ​និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី។

យោងតាម​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ​និង​បទ​ប្រើ​អាវុធ​ខុសច្បាប់ កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល។

ជនជាប់ចោទ​ឈ្មោះ នួន ប៉ូ ភេទ​ប្រុស អាយ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​យោធា ស្នាក់​នៅផ្ទះ​លេខ​៥៩Q ផ្លូវ​២៦៥ ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក។

ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ែម វ​ណ្ណះ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ប្រហិត ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ របួស​ដៃ​ខាងស្តាំ និង​របួស​ក្បាល​លើ​សៀតផ្កា​ខាងឆ្វេង។

សមត្ថកិច្ច អះអាង​ពី​ដំណើររឿង​ថា ករណីនេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​០២ ខែសីហា នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ដោយ​មុន​ពេល​កើតហេតុ​មាន​បុរស​ម្នាក់ ឈ្មោះ សៅ ចាន់​ធី បាន​បើករថយន្ត​របស់​ខ្លួន​ម៉ាក ​កាមរី​បា​ឡែ​ន​របស់​ខ្លួន ដល់​ចំណុច​កើតហេតុ បាន​បុក​ជាមួយ​រ៉ឺមក​ម៉ូតូ​លក់​ប្រហិត​របស់​ឈ្មោះ យ៉ែម វ​ណ្ណះ រួច​ឈ្មោះ សៅ ចាន់​ធី មិន​ឈប់​រថយន្ត​ធ្វើការ​ដោះស្រាយ​ទេ ទើប​ឈ្មោះ យ៉ែម វ​ណ្ណះ យក​ដុំ​ថ្ម​គប់​ទៅលើ​រថយន្ត​របស់​ឈ្មោះ សៅ ចាន់​ធី បណ្តាល​ឱ្យ​បែក​កញ្ចក់​ខាងស្តាំ និង​បាន​ប្លាត​ដុំថ្ម​ទៅ​ត្រូវ​រថយន្ត ម៉ាក​ព្រូស របស់​ជនសង្ស័យ​ឈ្មោះ នួន ប៉ូ។

ភ្លាមនោះ ជនសង្ស័យ​ឈ្មោះ​នួន ប៉ូ បាន​យក​កាំភ្លើងខ្លី ម៉ាក​P08​ពី​ក្នុង​ឡាន​របស់​ខ្លួន វាយ​មក​លើ​ជនរងគ្រោះ​បណ្តា​ឲ្យ​បែក​ក្បាល​លើ​សៀតផ្កា​ខាងឆ្វេង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​ក៏​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ នួន ប៉ូ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ហើយ​កសាង​សំណុំរឿង​បញ្ជូន​មក​អយ្យការ​អម​តុលាការ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​លោកស្រី សឺ វណ្ណ​នី ព្រះរាជអាជ្ញា​អម​សាលាដំបូង​បានសម្រេច​ចោទប្រកាន់​ហើយ​បញ្ជូន​សំណុំរឿង​ទៅអោយ​ចៅក្រម ទើប​ចៅក្រម​សើ​ប​សួរ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu