Ad Code

ចាប់ផ្ដើម​ជ្រើសរើស​កីឡាករ​បាល់ទះ​ជម្រើសជាតិ



លោក​Ji Jun គ្រូបង្វឹក​បាល់ទះ​ចិន បាន​ផ្ដើម​ជ្រើសរើស​កីឡាករ​ល្អៗ​ដើម្បី​បញ្ចូល​ជា​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បន្ទាប់ពី​លោក​មកដល់​ស្រុក​ខ្មែរ​កាលពី​ថ្ងៃទី​១​សីហា​នោះ។ ការជ្រើសរើស​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៥ និង ទី​៦​សីហា នៅ​ទីលាន​វិសាខា​នា​ក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ​។​

លោក​បឹង គឹម​តោ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹងថា តាម​ការគ្រោងទុក​ត្រូវមាន​ក្រុម​ខ្លាំងៗ​ចំនួន​៥​ចូលរួម តែដោយសារ​ក្រុម​ចំនួន​២​គឺ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​មាន​បេសកកម្ម​មិនអាច​ចូលរួមបាន​នោះ ​ទើប​មានតែ​៣​ក្រុម​ចូលរួម​គឺ​ក្រុម​វិសាខា ចំនួន​២​ក្រុម និង​ក្រុម​ក្រសួងមហាផ្ទៃ​។​

ការប្រកួត​ជ្រើសរើស​រក​កីឡាករ​សម្រាប់​ក្រុម​ជម្រើសជាតិ​នេះ លោ​កស សុខា ដែលជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ជា​អ្នកចំណាយ​ទាំងស្រុង។ លោកគ្រូ Ji Jun ជា​អ្នកសម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​ដោយ​ខ្លួន​លោក ឯ លោ​កស សុខា ជា​អ្នកចំណាយ។​

របៀប​ជ្រើសរើស​គឺ​ក្រុម​ទាំង​៣​ដែល​ចូលរួម​ត្រូវ​ប្រកួត​គ្នា​យក​ចំណាត់ថ្នាក់​ដោយ​គ្រូបង្វឹក​ជា​អ្នក​កត់សម្គាល់​លើ​កីឡាករ​ណា​ដែល​ល្អ​មាន​សមត្ថភាព រីឯ វិន័យ និង សីលធម៌​របស់​កីឡាករ​វាយតម្លៃ​ដោយ​សហព័ន្ធ។ តាម​ការគ្រោងទុក​លោក​នឹង​ជ្រើសរើស​ពី​១៦​ទៅ​១៨​រូប​ទៅតាម​ដែល​អាច​ជ្រើសរើស​បាន។

លោក Ji Jun គឺជា​គ្រូបង្វឹក​បាល់ទះ​មកពី​មជ្ឈមណ្ឌល​គ្រប់គ្រង​កីឡាបាល់ទះ​នៃ​មន្ទីរ​កីឡា​ខេត្ត​ហ្វ៊ូ​ជាំ​ង។ លោក​ត្រូវ​បង្ហាត់​នៅ​ស្រុក​ខ្មែរ​រយៈពេល​៥​ឆ្នាំ ។​លោ​កស សុខា​បាន​ប្រាប់​ទៅ​គ្រូបង្វឹក​ថា​ក្នុង​រយៈពេល​៥​ឆ្នាំ​ដែល​លោក​បង្ហាត់​សហព័ន្ធ​ចង់បាន​ត្រឹមតែ​មេដាយសំរិទ្ធ​ស៊ី​ហ្គេម​ក៏​អស់ចិត្ត​ដែរ ។​គ្រូបង្វឹក​រូបនេះ​បាន​អះអាង​វិញ​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ។ លោក​នឹងមិន​លាក់លៀម​អ្វី​ឡើយ​គឺ​អ្វីដែល​លោក​មាន​លោក​បញ្ចេញ​ទាំងអស់ ។​គ្រូបង្វឹក​រូបនេះ​សំណូមពរ ថា​បន្ទាប់ពី​ជ្រើសរើស​បាន​លោក​សុំ​ឲ្យ​ពួកគេ​រស់នៅក្នុង​ជ​ម្រំ​ជាមួយគ្នា ដើម្បី​លោក​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ។​

ករណីនេះ លោ​កស សុខា បាន​ស្ម័គ្រចិត្ត​ធ្វើតាម​សំណូមពរ​ហើយ​លោក​ធានា​ចិញ្ចឹម​ពួកគេ ដោយ​លោក​ស្វះ​ស្វែងរក​ការជួយ​គាំទ្រ​ពី​ផ្នែក​ឯកជន​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu