Ad Code

ក្រោយ​ទឹក​ស្រក រាជរដ្ឋាភិបាល​នឹង​ស្ដារឡើងវិញ​ជាបន្ទាន់ នូវ​អ្វីដែល​បាន​រង​ការខូចខាត​ដោយ​ទឹកជំនន់



ភ្នំពេញ​ ៖ ក្រោយ​ទឹក​ស្រក​ នឹង​មានការ​ស្តារឡើងវិញ​ជាបន្ទាន់​នូវ​អ្វីដែល​បានទទួល​រង​ការខូចខាត​ដូចជា​ផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត របស់​បងប្អូន​ប្រជាពលរដ្ឋ។ នេះ​បើតាម​ការអះអាង​បញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុងការ​ឱកាស អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង កាលពី​ពេល​ថ្មីៗ​នេះ។

លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ថ្លែងថា ក្រោយ​គ្រោះទឹកជំនន់​បានធ្វើ​ឲ្យ​ខូចខាត និង​បំផ្លិចបំផ្លាញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ យើង​កំពុង​រក​វិធានការ​បែបណា​ក្នុងការ​ស្តារឡើងវិញ នូវ​អ្វីៗ​ដែល​ទទួលរង​ការខូចខាត ជាពិសេស រួមទាំង​ការ​ស្តារឡើងវិញ​នូវ​ជីវភាពរបស់បង​ប្អូន​ប្រជាពលរដ្ឋ ខណៈ​ដែល​ប្រពល​រដ្ឋ​ប្រមាណ​ជា ជាង​៧​ពាន់​គ្រួសារ ត្រូវបាន​ខ្វះ​ស្បៀង​នាពេលខាងមុខ។

លោក​ក៏បាន​ជំរុញ​ឲ្យ​មន្ទីរ និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវធ្វើ​សំណើ​អំពី​ផល​ប៉ះពាល់​នៅ​ទឹកជំនន់​នេះ​ ទៅ​គណៈរដ្ឋមន្ដ្រី ដើម្បី​ស្ដារ​ឡើងវិញ​នូវ​អ្វីដែល​ខូចខាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន។

សូមបញ្ជាក់ថា មាន​ខេត្ត​ចំនួន​៤ ដូចជា​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ បាន​ទទួល​រងគ្រោះ​ពី​ទឹកជំនន់​ទន្លេមេគង្គ​លើ​ បណ្តាល​ឲ្យ​ពលរដ្ឋ​ជាង ១​ម៉ឺន​គ្រួសារ​រង​ការ​ប៉ះពាល់ និង​ដំណាំ​ផ្សេងៗ​ជាច្រើន​ត្រូវបាន​បំផ្លាញ ជាពិសេស ខេត្តស្ទឹងត្រែង​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ។

គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​នៅ​ថ្ងៃទី​០៦​និង​ទី​០៧ ​ខែ​សីហា ឆ្នាំ​២០១៨​នេះ​ កម្ពស់​ទឹក​នៅ​ខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ​បាន​និង​កំពុង​ឡើង​ខ្ពស់ និង​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នូវឡើយ​ទេ ហើយ​អាជ្ញាធរ​ដែនដី​និង​មន្ទីរជំនាញ​ក៏​បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ​ផងដែរ ក្នុង​ការត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ បើសិន​មាន​បញ្ហា​អ្វីមួយ​កើតឡើង​៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu