Ad Code

លន បញ្ញា និង​សេន កុសល ​អ្នកឈ្នះ​ចុងក្រោយ​គេ



អ្នក​ប្រដាល់​លន បញ្ញា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង ជា​អ្នកឈ្នះ​ចុងក្រោយ​គេ​ក្នុង​ការ​ប្រកួត​ជម្រុះ​ចុងក្រោយ​ដំណាក់កាល​ទី​១ នៃ​ការប្រកួត​ដណ្តើម​កំពូល​ជើងឯក​TV5 Knock Out Series by K.Cement ទម្ងន់​៦០​គីឡូក្រាម កាលពី​យប់​ថ្ងៃទី​០៤​ ខែ​សីហា​ ឆ្នាំ​២០១៨ នៅ​សង្វៀន TV5 ព្រែកកំពឹស។

លន បញ្ញា គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​នួន រ៉ា​ថេប ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ ដែល​មាន​៣​ទឹក​នោះ។

នួន រ៉ា​ថេប គេ​ចាញ់​ពិន្ទុ​លន​បញ្ញា​ដាច់​តែម្តង ក្នុងការ​ប្រកួត​បី​ទឹក​នោះ ពោល​ចាញ់​៥​ទល់នឹង​០ គឺ​ចៅក្រម​កាត់ក្តី​ទាំង​៥​រូប បានផ្តល់​ពិន្ទុ​អោយគេ​ឈ្នះ​ទាំង​៥​រូប ។ នៅក្នុង​ការប្រកួត​នោះ នួន រ៉ា​ថេប ចាញ់​ជង្គង់ និង​ជើង​ទាត់​របស់​លន បញ្ញា ដាច់​តែម្តង ។

ដូច្នេះ​នួន រ៉ា​ថេប គេ​ត្រូវ​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​ដណ្តើម​កំពូល​ជើងឯក​TV5 Knock Out Series by K.Cement ទម្ងន់​៦០​គីឡូក្រាម ត្រឹម​ដំណាក់កាល​ទី​១​នេះ ។ ឯ លន បញ្ញា គេ​ត្រូវ​នៅ​បន្ត​ការប្រកួត​ក្នុងដំណាក់កាល​ទី​២​ទៀត។​

សូម​បញ្ញា​ក់ថា លន បញ្ញា នេះ គេ​ជា​អ្នក ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​រដូវ​កាល​ចាស់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ដែល​បាន​បញ្ចប់ទៅ​មុននេះ ។​

ចំណែក សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង គេ​បាន​យកឈ្នះ​ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​ដំណាក់កាល​ទី​១​នេះដែរ ។​

ថន ភឿ​ត គេ​ចាញ់​សេន កុសល ដោយ​ប្រផុតប្រផើយ​ប៉ុណ្ណោះ គឺ​២​ទល់នឹង​៣ ពោល​ក្នុងចំណោម​ចៅក្រម​ទាំង​៥​រូប គឺ​២​រូប​ពាន​ពិន្ទុ​គេ​ឈ្នះ តែ​៣​រូប​ទៀត​បាន​ឲ្យ​សេន កុសល​ឈ្នះ ។​ដូច្នេះ សេន កុសល គេ​នៅ​បន្ត​ការប្រកួត​នៅក្នុង​ដំណាក់កាល​ទី​២​បន្តទៀត ឯ​ថន ភឿ​ត ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ ។​ថន ភឿ​ត ចាញ់​ត្រង់​មិន​សម្រុកចូល​វាយ​មុន ទុកអោយ​កុសល​ចូល​វាយ​មុន​រហូត ។​
​ចំពោះ ការប្រកួត​ជាល​ក្ខ​ណះ​មិត្តភាព​អន្តរជាតិ​រវាង​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​កម្ពុជា​និង ថៃ​វិញ​នោះ អ៊ុង

វិ​រៈ អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្តួល​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ថៃ Krak Boe Lek អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ ។​
Krak Boe Lek អ្នក​ប្រដាល់​ថៃ​ទម្ងន់​ធ្ងន់ គេ​ប៉ិះ​តែ​បោះបង់​ការប្រកួត​នៅក្នុង​ទឹក​ទី​២​ម្ល៉េះ បន្ទាប់ពី​ត្រូវ​មួយ​ជង្គង់​របស់​អ៊ុង វិ​រៈ អុក​ត្រូវ​ចុង​ឆ្អឹងជំនី​ខ្ចី និង​ដាល់​ត្រូវ​មុខ​ថែម​មួយ​ដៃ​ទៀត​នោះ ប៉ុន្តែ​ដោយសារ​បញ្ចប់​ទឹក គេ​ក៏​បន្ត​ការប្រកួត​ទៀត ។ ប៉ុន្តែ​យ៉ាងណា Krak Boe Lek នៅតែ​ចៀស​មិន​ផុតពី​បោះបង់​ការប្រកួត​ក្នុង​ដើម​ទឹក​ទី​៣​ដែរ ដោយសារ​ត្រូវ​កណ្តាប់ដៃ​ដាល់​របស់​អ៊ុង វិ​រៈ នោះ ។​

ដោយឡែក ប៊ី​ចាន់ណា អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​មកពី​ខេត្តស្វាយរៀង បាន​វាយ​ឈ្នះ​សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ក្នុង​ទឹក​ទី​៣ ។ គឹម​រួន ត្រូវ​ចាន់ណា វាយ​កែង​បែក​រយះ​ចេញឈាម​ធំ​លើ​ចិញ្ចើម​ខាងឆ្វេង បណ្តាល​ឲ្យ​ឈាម​ហូរ​កាត់​ភ្នែក​រំខាន​ដល់​ការប្រកួត ហើយ​ត្រូវ​គ្រូពេទ្យ​បញ្ឈប់​លែង​ឲ្យ​ប្រកួត​តែម្តង​៕
​ ​

​ ​
​ ​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu