សៀមរាប ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួននិងម្នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍នៅកណ្តាលក្រុងសៀមរាប។
ប៉ុន្តែករណីនេះត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការនគរបាលខេត្តព្រះសីហនុ តាមចាប់បក្ខពួកម្នាក់ទៀតបានដោយជោគជ័យ។
លោកវរសេនីយឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២៣នេះថា នៅថ្ងៃទី២១ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប អយ្យការអមសាលាដំបូងក្រុងភ្នំពេញ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ទើបយើងបានធ្វើការស្រាវជ្រាវបង្ក្រាប ចាប់បានមុខសញ្ញាសកម្ម ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៣៣/១៨ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ របស់លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប ទៅលើឈ្មោះ ហ៊ឹម ភ័ក្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានធ្វើសកម្មភាពជិះម៉ូតូលួចឆក់កាបូបភ្ញៀវជនជាតិប៉ាគីស្ថាន ជាមួយនឹងបក្ខពួកឈ្មោះ ធន់ ប៊ុនហុង ភេទប្រុស(ជាប់ពន្ធនាគារ) កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី នៅចំណុចមុខផ្សារទំនើបចៅ ស៊ាំងហុងផ្សារញ៉ែ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកបន្តថា ជាក់ស្តែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប បានកំពុងនាំយកជនសង្ស័យឈ្មោះ ហ៊ឹម ភ័ក្ត្រា ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្ត៕
Source: Kampuchea Thmey Daily
0 Comments