Ad Code

រដ្ឋមន្ដ្រី​សុខាភិបាល​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នាំ​កុមារ និង​ទារក មក​ចាក់​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​ចំនួន​កំណត់​នៅ​តាម​មណ្ឌល​សុខភាព



ភ្នំពេញ​ ៖​ លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុមារ និង​ទារក​ និង​ស្ដ្រី​មាន​ផ្ទៃពោះ មកចាក់​ថ្នាំ​បង្ការ ឲ្យ​បាន​គ្រប់​ចំនួន​កំណត់​នៅ​តាម​មណ្ឌល​សុខភាព​ដោយ​ឥតគិតថ្លៃ​ដើម្បី​បញ្ជៀ​ស​ការឆ្លង​ជំងឺ​ផ្សេងៗ ដែល​អាច​ការពារ​បាន​ដោយ​វ៉ាក់សាំង​។

​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​ព្យា​ល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៣០០​គ្រួសារ នៅ​ទួល​មាន​សុវត្ថិភាព​ឧ​ញ៉ា​ឌី ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ លោក​រដ្ឋ​មន្ដ្រី​ក្រសួងសុខាភិបាល ក៏បាន​ផ្ដល់​នូវ​ថ្នាំ​បង្ការ គ្រប់មុខ មា​នក​ញ្ជ្រិ​ល ស្អូច តេ​តា​ណុ​ស និង​វីតាមីន​អា ដល់​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ ប្រហែល​១៣០​នាក់​ផងដែរ។

ពាក់ព័ន្ធ​នឹង​ទឹកជំនន់​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​បន្ដ​ការប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​សុខភាព និង​សុវត្ថិភាព ខណៈ​ដែល​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​លង់ទឹក និង​សត្វ​ពស់​ចឹក​កាន់​តែមាន​ចំនួន​ច្រើនឡើង។

ជាមួយគ្នា​នោះ​លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ពស់​ចឹក សូម​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​លោកអ្នក​បំផុត កុំ​បន្ដ​ទុកចោល ឬ​យកទៅ​ព្យាបាល​តាមរយៈ​រូបភាព​ផ្សេង​ឲ្យ​សោះ។

តាម​របាយការណ៍​រប​ស់​អភិបាល​ខេត្ដ​កំពង់ចាម និង​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​រងគ្រោះ​ដោយ​ទឹក​ជំ​នន់​មាន​ប្រជាជន​លង់ទឹក​ស្លាប់ និង​បាន​រងគ្រោះ​ដោយសារ​ពស់​ចឹក​ប្រមាណ​៦០​នាក់​ក្នុងនោះ​លង់ទឹក​ស្លាប់​នៅ​ខេត្ដ​កំពង់ចាម​ប្រមាណ​១៤​នាក់ និង​រងគ្រោះ​ដោយ​ពស់​ចឹក ជិត​៥០​នាក់​រួមទាំង​ខេត្ដ​ត្បូងឃ្មុំ​ផង។

ទន្ទឹម​នឹង​នេះ ​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព ដោយ​ត្រូវ​សម្អាត​លំនៅឋាន ឬ​ទីទួល​មាន​សុវត្ថិភាព​ដែល​ខ្លួន​រស់នៅ កុំ​ឲ្យ​មាន​ជម្រក​សព្វ​ពស់ និង​សត្វ​អាសិរពិស​ផ្សេងទៀត រួម​ទាំង​ជម្រក​មូស​ខ្លា​ផង​ដែរ ដើម្បី​ការពារ​ជំងឺគ្រុនឈាម និង​ជំងឺឆ្លង។

គួរ​បញ្ជាក់​ថា ​ដោយ​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់ ពីស​ម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​ក​កម្ពុជា សម្ដេច​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​នូវ​អំណោយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជាបន្ទាន់ ចំនួន​២​លើក​ដោយផ្ទាល់ រួចមកហើយ។

ដោយឡែក​លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏បាន​ចាត់​មន្ដ្រី​ជំនាញ​មក​ប្រចាំ​ការ​ដាក់​ប៉ុស្ដិ៍​សុខ​ភាពជា​បណ្ដោះអាសន្ន នៅតាម​ទីទួល​មាន​សុខ​វត្ថិ​ភាព តាម​បណ្ដា​ស្រុក​ដែល​ជន​លិច​ដោយ​ទឹកជំនន់ ដើម្បី​ផ្ដល់​សេវា​សុខភាព​មួយ​នេះ​ជូន​ប្រជាពលរដ្ឋ​ដោយ​ចាប់តាំងពី​ថ្ងៃទី​២៩ ខែកក្កដា​រហូតមកដល់​ថ្ងៃទី​២១​សីហា​ឆ្នាំ​២០១៨​មាន​ប្រជាពលរដ្ឋ​ជិត​៥,០០០​នាក់ ដែល​ទទួលបាន​ការពិនិត្យ​ព្យាបាល​សុខភាព ដោយ​ឥតគិតថ្លៃ ពី​ក្រសួងសុខាភិបាល៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu