កំពង់ចាម ៖ កុមារាអាយុ៤ឆ្នាំ ម្នាក់បានបាត់ខ្លួន កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅពេលទៅតាមជីតាមើលគោ នៅឯស្រែ រហូតដល់ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ទើបរកឃើញសពស្លាប់ដោយលង់ទឹក។
ប៉ូលិសបានឲ្យដឹងថា នៅវេលាម៉ោង១៣ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍ ឃុំព្រែកក្របៅ ស្រុកកងមាស បានទទួលបណ្តឹងពីអាណាព្យាបាល របស់កុមារារងគ្រោះថា បាត់កូនប្រុសឈ្មោះ ម៉េង ជូ អាយុ៤ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បាត់ខ្លួន ក្នុងខណៈ ដែលកុមារា រងគ្រោះទៅតាមរកជីតានៅឯស្រែ ហើយពួកគាត់ជាអាណាព្យាបាលមិនបានដឹង។
ប៉ូលិសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣នេះ សមត្ថកិច្ច និង ក្រុមគ្រួសារបានរកឃើញ សពកុមារា ម៉េងជូ ស្លាប់ដោយលង់ទឹកបឹង នៅចំណុចវាលស្រែខាងកើត ភូមិអូរកណ្តោល ឃុំព្រែកក្របៅ ចម្ងាយប្រមាណ៥០០ម៉ែត្រ។
អាណាព្យាបាលបានបញ្ជាក់ថា កូនរបស់ពួកគាត់ បានទៅតាមរកជីតារបស់វាដែលនៅឃ្វាលគោទីនោះ។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សពកុមារា រងគ្រោះជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments