ភ្នំពេញ ៖ ក្នុងយុទ្ធសាស្ត្រជ្រើសរើសយុវជនវ័យក្មេងឆ្នើមមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានិងការអបអរខួបលើកទី១៥ឆ្នាំ ,សកលវិទ្យាល័យកម្ពុជាបានសម្រេចផ្ដល់អាហារូបករណ៍ចំនួនសរុប ៣.០៥០ កន្លែងសម្រាប់ការសិក្សាឆ្នាំ ២០១៨-២០១៩។
នៅក្នុងសន្និសីទសារព័ត៌មានទាក់ទងបញ្ហាអាហារូបករណ៍របស់សាកលវិទ្យាល័យកម្ពុជា ឆ្នាំសិក្សា ២០១៨-២០១៩ ដែលបានប្រារព្ធធ្វើកាលពីល្ងាចថ្ងៃទី១៦ខែសីហានៅសាកលវិទ្យាល័យកម្ពុជា។ លោក បណ្ឌិត អីុ រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យកម្ពុជាបានថ្លែងថា ដោយសង្កេតឃើញថា មានសិស្សនិស្សិតជាច្រើនដែលខ្វះខាតនិងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងចំណាយចំពោះការបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាល្អៗក្នុងប្រទេសដោយសារថ្លៃសិក្សាខ្ពស់និងការចំណាយប្រចាំថ្ងៃ ។ ដូច្នេះពួកគេចង់បានអាហារូបករណ៍ដើម្បីជួយសម្រាលបន្ទុកនៃការចំណាយគ្រួសាររបស់ពួកគេនឹងអាចឲ្យពួកគេផ្ចឹតផ្ចង់ខិតខំរៀនសូត្រឱ្យពូកែនិងក្លាយជាធនធានមនុស្សដ៏ពូកែរបស់កម្ពុជា។ ទើបសាកលវិទ្យាល័យ សម្រេចផ្តល់អាហារូបករណ៍សម្រាប់និស្សិតរហូត ៣.០៥០ កន្លែង។
បើតាមការឲ្យដឹងរបស់លោក អ៊ី រតនា អាហារូបករណ៍នេះគឺបែងចែកជាអាហាររូបករណ៍ពេញថ្លៃសិក្សា ១០០ ភាគរយសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ១.០០០កន្លែង ។អាហាររូបករណ៍ពេញថ្លៃសិក្សា ១០០ ភាគរយសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣៥ កន្លែងនិងថ្នាក់បណ្ឌិតចំនួន ១៥ កន្លែង។
អាហារូបករណ៍ពាក់កណ្ដាលថ្លៃសិក្សា៥០ភាគរយចំនួន២.០០០កន្លែងក្នុងនោះសម្រាប់បរិញ្ញាបត្រចំនួន ១.៥00 កន្លែង ។ ថ្នាក់អនុបណ្ឌិតចំនួន ៣00 កន្លែងនិងសម្រាប់ថ្នាក់បណ្ឌិតចំនួន ២០០ កន្លែង។
សិស្សានុសិស្សដែលទើបប្រឡងជាប់ថ្នាក់ទី ១២ អាចប្រឡងយកអាហារូបករណ៍នៅទីនេះបាន។ ការបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី ២ ខែតុលា។ ការប្រឡងនឹងចាប់ផ្ដើមនៅថ្ងៃទី ៦ខែតុលា ហើយនឹងប្រកាសលទ្ធផលនៅថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០១៨ សម្រាប់អាហារូបករណ៍ពេញថ្មៃ ។ ចំណែកអាហារូបករណ៍ពាក់កណ្តាលឈប់ទទួលពាក្យប្រឡងចាប់ពីថ្ងៃទី ១៨ ខែតុលា។
លោកបណ្ឌិតបានបន្តថា ការផ្តល់អាហារូបករណ៍នេះមានគោលបំណងផ្ដល់ឱកាសជាច្រើនបន្ថែមទៀតដល់និស្សិតបញ្ញវ័ន្តវ័យក្មេងកម្ពុជានិងដើម្បីធានាថា យុវជនវ័យក្មេងទាំងអស់អាចទទួលបាននូវការអប់រំប្រកបដោយគុណភាពនិងមានអនាគតរុងរឿងដោយមិនគិតអំពីសាវតាផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ វាក៏ជាការចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យអប់រំឧត្ដមសិក្សា។
បើយោងតាមលោក អ៊ី រតនា ប្រភពនៃការផ្តល់អាហារូបករណ៍ជាផ្នែកមួយនៃយុទ្ធនាការកៀងគរមូលនិធិសាកលវិទ្យាល័យកម្ពុជាឆ្នាំ ២០១៨-២០២៣ (ដែលមានទឹកប្រាក់៣០០ លានដុល្លារ)ដែលបានមកពីសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក។
សាកលវិទ្យាល័យកម្ពុជាជាសាកលវិទ្យាល័យឯកជនមួយដែលបានបង្កើតឡើងនៅខែមិថុនាឆ្នាំ ២០០៨ គិតមកដល់ពេលនេះមានអាយុកាលជាង១៥ឆ្នាំ។ សាកលវិទ្យាល័យកម្ពុជាមានការរីកចម្រើននិងអភិវឌ្ឍកាន់តែខ្លាំង និង រឹងមាំឡើងក្លាយជាសកលវិទ្យាល័យឈានមុខមួយនៅកម្ពុជាតាមរយៈការផ្ដល់កម្មវិធីសិក្សានិងមុខជំនាញសម្បូរបែបប្រកបដោយគុណភាពឆ្លើយតបទៅនឹងតម្រូវការអ្នកសិក្សានិងទីផ្សារការងារ។ និស្សិតដែលបានបញ្ចប់ការសិក្សាប្រមាណ ៤.០០០នាក់, ជាង ៩០ ភាគរយទទួលបានការងារធ្វើ ,បង្កើតអាជីវកម្មដោយខ្លួនឯងប្រមាណពី២ភាគរយ ,ប្រមាណ ៤ ភាគរយបន្តការសិក្សាក្នុងប្រទេស និង ក្រៅប្រទេសមាននិស្សិតមួយចំនួនបានទទួលតួនាទីខ្ពស់ក្នុងស្ថាប័នរដ្ឋឯកជននិងសង្គមស៊ីវិល។
លោកបណ្ឌិត អ៊ី រតនា សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជាធ្វើសន្និសីទកាសែតស្តីពីអាហារូបករណ៍របស់សាកលវិទ្យាល័យកម្ពុជាឆ្នាំសិក្សា ២០១៨-២០១៩ កាលពីល្ងាចថ្ងៃទី ១៦ ខែ សីហា នៅសាកលវិទ្យាល័យកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments