Ad Code

គ្រូពេទ្យ​កម្ពុជា​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​សុខភាព​អនាម័យ ដើម្បី​ពិនិត្យ ព្យាបាល​អ្នកជំងឺ​ប្រកបដោយ​ស្ដង់ដារ



ភ្នំពេញ​ ៖​ មន្ទីរពេទ្យ​កៅ​ហ្ស៊ុ​ង នៃ​កោះ​តៃវ៉ាន់ សាធារណរដ្ឋ​ប្រជា មានិត​ចិន​បាន​ជួយ​បណ្តុះ​បណ្តុះ​ដល់ គ្រូពេទ្យ​កម្ពុជា លើ​ជំនាញ​ផ្នែក​សុខភាព​អនាម័យ និង​វិធីសាស្ដ្រ ក្នុងការ​លាងដៃ មុននឹង​ពិនិត្យ ព្យាបាល​អ្នកជំងឺ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​ស្ដង់ដារ​ត្រឹមត្រូវ​។

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​បណ្ដុះបណ្ដាល​លើកកម្ពស់​អនាម័យ​ដៃដល់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ បង្អែក​បាទី កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា​ឆ្នាំ​២០១៨​លោក​វេជ្ជបណ្ឌិត Yee Hsuan Chiou នាយក​ផ្នែក​កម្មវិធី​នៃ​មន្ទីរពេទ្យ កៅ​ហ្ស៊ុ​ង នៃ​កោះ​តៃវ៉ាន់ សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​លើកឡើង​ថា ការ​បណ្ដុះបណ្ដាល​ជំនាញ​សុខភាព​អនាម័យ ក្នុងការ លាងដៃ​សម្រាប់​គ្រូពេទ្យ​នេះ​ក្នុង​គោលដៅ​លើកកម្ពស់​ការ​យល់​ដឹង​ដល់​គ្រូពេទ្យ​ឲ្យ​មាន​ជំនាញ និង ចំណេះដឹង​ត្រឹមត្រូវ​ស្របតាម​ស្ដង់ដារ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ពិនិត្យ ព្យាបាល​អ្នក ជំងឺ ព្រមទាំង​ពង្រឹង​ផ្នែក​សុខភាព​អនាម័យ​កុមារ និង​ទារក ជាពិសេស​កាត់បន្ថយ​ការឆ្លង​ជំងឺ​របស់ អ្នកជំងឺ​មក​គ្រូពេទ្យ​ផងដែរ​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ដ​ថា រហូតមកដល់​ពេលនេះ មន្ទីរពេទ្យ​កៅ​ហ្ស៊ុ​ង បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ផ្ដល់​ជំនួយ​បច្ចេកទេស សម្ភារ​បរិក្ខារ​ពេទ្យ ដល់​មន្ទីរពេទ្យ បង្អែក​បាទី និង​លើកកម្ពស់​សមត្ថភាព​គ្រូពេទ្យ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គ្រូពេទ្យ​មានចំណេះ ជំនាញ​គ្រប់ គ្រាន់​ក្នុងការ​ពិនិត្យ ព្យាបាល និង​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ស្ដង់ដារ​ត្រឹមត្រូវ​។

លោក​វេជ្ជបណ្ឌិត សៅ ចាន់ថា នាយក​មន្ទីរពេទ្យបង្អែក​បាទី បាន​មានប្រសាសន៍ថា ការបណ្ដុះបណ្ដាល​នេះ នឹង​ជួយ​ឲ្យ​គ្រូពេទ្យ​ទទួលបាន​នូវ​ចំណេះដឹង និង​ជំនាញ​បន្ថែម​ក្នុង​ការ​ចូលរួម​ជួយ សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ ការថែទាំ និង​ព្យាបាល​អ្នកជំងឺ​។

លោក​វេជ្ជបណ្ឌិត សៅ ចាន់ថា បាន​បន្ត​ថា «​ប្រសិន បើ​គ្រូពេទ្យ​មិនបាន​ដឹង​អំពី​វិធីសាស្ដ្រ​ក្នុងការ​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ក្នុងនាម​ជា​អ្នកផ្ដល់​សេវា​ថែទាំ អ្នកជំងឺ នឹង​នាំយក​នូវ​មេរោគ​ផ្សេងៗ​ជូន​ដល់​អ្នកជំងឺ​វិញ​»​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ដ​ទៀត​ថា ក្រោយពី​ការ ឆ្លងកាត់​ការបណ្ដុះបណ្ដាល ជំនាញ​ក្នុងការ​ថែរក្សា​អនាម័យ និង​វិធីសាស្ដ្រ​ក្នុង​ការ​លាងដៃ​នេះ​រួចមក គ្រូពេទ្យ​នឹង​កាន់តែ​យល់ដឹង​កាន់តែច្បាស់ និង​យកទៅ​អនុវត្ដ​ន៍​ឲ្យបាន​គ្រប់ពេលវេលា ខណៈពេល ដែល​ពិនិត្យ និង​ផ្ដល់​សេវា​ជូន​ដល់​អ្នកជំងឺ​ស្របតាម​ក្បួនច្បាប់​វិ​ជ្ជ​សាស្ដ្រ​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦​កន្លងមក មន្ទីរពេទ្យ​កៅ​ហ្ស៊ុ​ង​បាន​ចុះ​អនុស្សរណៈ​ជាមួយ មន្ទីរពេទ្យបង្អែក​បាទី និង​មន្ទីរ​សុខាភិបាល​ខេត្ដ​តាកែវ ដើម្បី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ជូន ដល់​គ្រូពេទ្យ​លើ​គម្រោង​សុខភាព​អនាម័យ​អន្ដរជាតិ ការផ្ដល់​សម្ភារ បរិក្ខារ​ពេទ្យ និង​ការនាំយក​គ្រូ ពេទ្យ​ពី​កម្ពុជា ទៅ​បណ្ដុះបណ្ដាល​នៅក្នុង​កោះ​តៃវ៉ាន់​ក្នុង​មួយឆ្នាំ​ចំនួន​២​នាក់​ផងដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu