Ad Code

វិទ្យុជាតិ​ថៃ ​គ្រោង​ផ្សាយ​កម្មវិធី​ភាសា​ខ្មែរ​ឡើងវិញ​បន្ទាប់ពី​ផ្អាក​មួយ​រយៈ



ភ្នំពេញ​ ៖ វិទ្យុជាតិ​ថៃ​គ្រោង​ផ្សាយ​កម្មវិធី​ភាសា​ខ្មែរ​ឡើងវិញ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​ប្រជាជន​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ និង ​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​កាន់តែ​ច្រើនឡើង​។

ក្នុង​ជំនួប​រវាង​ប្រតិភូ​វិទ្យុជាតិ​កម្ពុជា និង​វិទ្យុជាតិ​ថៃ នៅ​ឯ​ប្រទេស​ថៃ លោកស្រី​សូម​ន្ត​ផាន កូ​សុន​សិរី​សិទ្ធ ប្រធាន​ផលិតកម្ម​វិធី​នៃ​វិទ្យុជាតិ​ថៃ បាន​ឲ្យ​ដឹង​ថា វិទ្យុជាតិ​ថៃ​នឹង​ខិតខំ​ស្នើ​កញ្ចប់​ថវិកា​ពី​រាជរដ្ឋាភិបាល​របស់​ខ្លួន ដើម្បី​បើក​ដំណើរ​ការផ្សាយ​កម្មវិធី​ភាសា​ខ្មែរ​ឡើងវិញ​បន្ទាប់ពី​បាន​បិទ​មួយ​រយៈ​។

លោកស្រី​បញ្ជាក់​ថា គម្រោង​បង្កើត​កម្មវិធី​ផ្សាយ​ភាសា​ខ្មែរ​ឡើងវិញ​នៅក្នុង​វិទ្យុជាតិ​ថៃ​នេះ បាន​ធ្វើឡើង​ក្រោយពេល​ចំនួន​ប្រជាជន​កម្ពុជា​បាននឹងកំពុង​ស្នាក់នៅ​និង​បម្រើការ​នៅក្នុង​ប្រទេស​ថៃ​កាន់តែ​មានការ​កើនឡើង​ពោល​គឺ​រហូតដល់​ជាង​១​លាន​នាក់​។ លោកស្រី​បន្ថែម​ថា កម្មវិធី​នេះ​អាច​ធ្វើ​ឡើង​ក្នុង​រយៈពេល​១៥​នាទី ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ច្បាប់​ថ្មីៗ​របស់​អាជ្ញាធរ​ថៃ​នឹង​ព័ត៌មាន​ផ្សេងៗ​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​មន្ត្រី​ការទូត អ្នកទេសចរ អ្នកជំនួញ និង​ពលករ​កម្ពុជា​បានដឹង​ជ្រួតជ្រាប​។ ​ទាំងនេះ​គឺជា​កត្តា​ចម្បង​ដែល​ធានា​បាន​សុវត្ថិភាព និង​ភាពស្របច្បាប់​។

សូម​បញ្ជាក់​ថា កាលពី​កន្លងទៅនេះ​វិទ្យុជាតិ​ថៃ​មាន​ផ្សាយ​ភាសាបរទេស​ចំនួន​១២​ភាសា​ក្នុង​មួយថ្ងៃ ប៉ុន្តែ​មកដល់ពេលនេះ​ដោយសារ​កង្វះ​ថវិកា​ត្រូវ​បាន​កាត់បន្ថយ​នៅសល់​ត្រឹមតែ​៦​ភាសា​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ទោះជា​បែបនេះ​ក្តី មន្ត្រី​វិទ្យុជាតិ​ថៃ​បាន​សន្យា​នឹង​ខិតខំ​បើក​កម្មវិធី​ភាសា​ខ្មែរ​ឡើងវិញ​នឹងធ្វើ​ការ​ស្នើ​កញ្ចប់​ថវិកាជាតិ​នា​ខែតុលា​ខាង​មុខ​នេះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu