ក្រុមបាល់ទាត់ Down Town Sport FC បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់លីគហ្វូតសាលឆ្នាំ២០១៨ (National Futsal League 2018) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយក្នុងនាមជាក្រុមខ្លាំងប្រចាំរដូវកាលក្រុមនេះទទួលបានកៅអីឡើងទៅប្រកួតក្នុងពានរង្វាន់អន្តរជាតិមួយ។
ពានរង្វាន់ដែលត្រូវប្រកួតនេះមានឈ្មោះថា«ជើងឯកពានរង្វាន់បាល់ទាត់ហ្វូតសាលប្រចាំតំបន់អាស៊ាន ឬ AFF Futsal Club Championship» ខណៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាននៅមិនទាន់កំណត់ពីប្រទេសដែលទទួលធ្វើជាម្ចាស់ផ្ទះ។ ចំណែកក្រុមដែលមានឱកាសចូលរួមគឺជាក្រុមជើងឯកតាមប្រទេសនីមួយៗ។
ចំពោះពានរង្វាន់ AFF Futsal Club Championship រៀបចំឡើងទើបតែបាន៤លើកប៉ុណ្ណោះ គិតពីឆ្នាំ២០១៥ មកហើយក្លិបមកពីប្រទេសថៃឈ្នះជើងឯកទាំង៤លើក ពោលគឺក្លិប Port FC ធ្លាប់ឈ្នះជើងឯកទាំង៣លើក ហើយចុងក្រោយក្រុមBangkok BTS FC ឈ្នះជើងឯកម្តង។ ចំណែកកម្ពុជា ធ្លាប់បញ្ជូនក្រុមទៅប្រកួតតែ១លើកប៉ុណ្ណោះ គឺនៅឆ្នាំ២០១៧នេះ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី។ ក្រុមនោះគឺក្រុមស.ស.យ.ក កំចាយមារ។
ជាលទ្ធផលរបស់ក្រុមកំចាយមារ ដែលតំណាងឲ្យកម្ពុជា ទៅប្រកួតលើកឆាកអន្តរជាតិលើកដំបូងនេះបានធ្លាក់ចេញត្រឹមវគ្គជម្រុះតាមពូលក្រោយប្រកួតបើកឆាកចាញ់ក្រុម East Coast Heat របស់អូស្ត្រាលី ៨ទល់០ ហើយបន្តចាញ់ក្រុម MIC របស់មីយ៉ាន់ម៉ា ២ទល់០ និងចុងក្រោយចាញ់ក្រុម Arbisyam របស់ប្រ៊ុយណេ៧ទល់៦។
សូមរំលឹកថា ក្រុមបាល់ទាត់ Down Town Sport FC ជាម្ចាស់ជើងឯកប្រកួតលីគហ្វូតសាលជាលើកដំបូង ដែលរៀបចំពីថ្ងៃទី០៣ ខែ មិនា រហូតដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៨ ដែលមានក្រុមជាសមាជិកចំនួន១០ក្រុមលើទីលាន ដឹប្លូស្ព័ត (The Blue Sport) ម្តុំទួលគោក។ការប្រកួតមានរូបមន្តជាលក្ខណៈប្រកួតបែបលីគតាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេចំនួន៤ក្រុម (Top4) ត្រូវឡើងទៅប្រកួតគ្នាដណ្តើមជើងឯកប្រចាំរដូវកាល។
ចំណែកពានរង្វាន់ឯកត្តជនប្រចាំរដូវកាលនេះមានដូចជា ញឹក ថាលីដា ល្អជាងគេប្រចាំព្រឹត្តិការណ៍ អមដោយទឹកប្រាក់លើកទឹកចិត្ត១លានរៀល ហើយអ្នកចាំទី គឹម លីហៀង របស់ Down Town Sport ឈ្នះបានពានរង្វាន់អ្នកចាំទីល្អជាងគេ ខណៈអ្នកទាត់បញ្ជូលទីបានច្រើនជាងគេគឺកីឡាករ អ៊ឹង ស្លូត របស់ក្រុម Fan Sport FT ឈ្នះបានស្បែកជើងមាសនិងទឹកប្រាក់១លានរៀល។ កីឡាករមានម៉ូដសក់ស្អាតជាងគេគឺកីឡាករ អោក ចាន់សេរីវង្ស របស់ក្រុមស.ស.យ.ក កំចាយមារ។ គ្រូល្អជាងគេបានទៅលោក ជ័យ ចាន់រតនា របស់ក្រុម Down Town Sport FC បានពានរង្វាន់១អមដោយទឹកប្រាក់១លានរៀល។
ចំណែកក្រុម Fair Play បានទៅក្រុមឱម៉ាល់ ទទួលបានពានរង្វាន់១អមដោយប្រាក់រង្វាន់៣លានរៀល ហើយក្រុម Home Sport ឈ្នះលេខ៣បានមេដាយកិត្តយសអមដោយទឹកប្រាក់៥លានរៀល ហើយក្រុមឱម៉ាល់ ឈ្នះចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធម្នាក់១ អមដោយទឹកប្រាក់១០លានរៀល។ ក្រុមលេខ២គឺស.ស.យ.ក កំចាយមារ ទទួលបានមេដាយប្រាក់ម្នាក់១និងទឹកប្រាក់លើកទឹកចិត្តចំនួន១៥លានរៀល។ ក្រុមជើងឯកDown Town Sport ទទួលបានមេដាយមាសម្នាក់១ ពានរង្វាន់១ និងទឹកប្រាក់៣០លានរៀល៕
Source: Kampuchea Thmey Daily
0 Comments