ភ្នំពេញ ៖ ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យទណ្ឌិត សម រង្ស៊ី ចូលបំភ្លឺនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ ពាក់ព័ន្ធសំណុំរឿងប្រមាថព្រះមហាក្សត្រ នេះបើតាមដីកាចេញដោយលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលទើបធ្លាយដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
ដីកាបង្គាប់ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានកំណត់ឲ្យលោក សម រង្ស៊ី ចូលទៅកាន់តុលាការក្រុងភ្នំពេញ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវយកឯកសារផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើនេះ ទៅជាមួយផងប្រសិនបើមាន ហើយដីកាកោះនេះ ក៏ត្រូវបានសមត្ថកិច្ចយកទៅបិទនៅទីស្នាក់ការកណ្តាលរបស់អតីតគណបក្សសង្គ្រោះជាតិផងដែរ។
សំណុំរឿងប្រមាថព្រះមហាក្សត្រនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ក្រោយពីលោក សម រង្ស៊ី បាននិយាយថា លិខិតដែលព្រះមហាក្សត្រអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាលិខិតក្លែងក្លាយ ដែលធ្វើឡើងក្រោមការគំរាមកំហែង។
តាមច្បាប់ថ្មី មាត្រា៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា “ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល។ ចំពោះនីតិបុគ្គលក៏អាចត្រូវបានផ្ដន្ទាទោសពិន័យជាប្រាក់១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ”៕
Source: Kampuchea Thmey Daily
0 Comments