Ad Code

សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ​៖ ​ជន​ត្រូវ​ចោទ​លោក កឹម សុខា មិន​ទាន់​មាន​វាសនា​នៅ​ក្រៅ​ទ្រុង​នោះ​ទេ



ភ្នំពេញ ​៖ ​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ បាន​បើក​សវនាការ​លើ​សំណើសុំ​នៅក្រៅ​ឃុំ​របស់​ជនជាប់ចោទ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ពុំ​មាន​វត្តមាន​របស់​លោក កឹម សុខា ឡើយ ហើយ​សវនាការ​នេះ​ ធ្វើឡើង​តាម​បណ្ដឹង​របស់​មេធាវី​របស់​លោក​ កឹម សុខា ដែល​មិន​សុខចិត្ត​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល កាល​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៨ ដែល​បានសម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជាបានការ គឺ​ត្រូវ​បន្ត​ឃុំខ្លួន​លោក កឹម សុខា បន្តទៀត ដើម្បី​សាកសួរ និង​ការពារ​កុំ​ឲ្យ​មាន​បទល្មើស​ថ្មី​កើតឡើង។

ខណៈ​ពេល​តុលាការ​កំពុង​សវនាការ​នោះ បើ​ទោះបីជា​ពុំ​មាន​វត្តមាន​របស់​លោក កឹម សុខា ក្តី តែ​គេ​ឃើញ​មាន​វត្តមាន​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សំខាន់ៗ​មួយចំនួន​បាន​ទៅតាម​ដាន​នៅ​តុលាការ​កំពូល ដែលមាន​លោក រ៉ុង ឈុន​, លោក គឹម សុខ​, លោក មុត ចន្ថា​, លោក អ៊ូ ច័ន្ទ​ប្ញ​ទ្ធិ​, លោក ថាច់ សេដ្ឋា និង​អតីត​សកម្មជន​មួយចំនួនទៀត​សរុប​ប្រមាណ​ជាង​១០០​នាក់ បាន​នាំគ្នា​ឈរ​តាម​របង​តុលាការ និង​សួនច្បារ។

ក្រោយពី​ដំណើរការ​ពេញ​មួយ​ព្រឹក តុលាការ​កំពូល បាន​ប្រកាស​សាលដីកា​សម្រេច​បន្ដ​ឃុំខ្លួន លោក កឹម សុខា ដាក់​ពន្ធនាគារ​ដដែល ដោយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បានការ ដោយ​សំអាង​ថា ករណី​លោក កឹម សុខា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ចាំបាច់​ត្រូវ​ឃុំខ្លួន​ដើម្បី​ស៊ើបសួរ ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ។

សូម​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាលយប់ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពី​បទ “​ក្បត់ជាតិ​” និង​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៅ​ខេត្ត​ត្បូងឃ្មុំ​។ លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ។

បើតាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា សន្ទិដ្ឋភាព​ជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu