Facebook បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ឈប់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតពីអ៊ីរ៉ង់និងរុស្ស៊ី ដោយបានបិទគណនីជាច្រើនជាផ្នែកមួយនៃការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងព័ត៌មានក្លែងក្លាយមុនការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកនិងកន្លែងផ្សេងទៀត។
យោងតាមនាយកប្រតិបត្តិលោក Mark Zuckerberg បានឲ្យដឹងថា Facebook បានដកចេញនូវទំព័រ ក្រុមនិងគណនីជាង៦៥០ដែលត្រូវបានកំណត់ថាជា “បណ្តាញគណនីដែលធ្វើឲ្យមនុស្សមានការភាន់ច្រឡំអំពីអ្វី ដែលពួកគេកំពុងធ្វើ”។
បណ្តាញទំនាក់ទំនងសង្គមមួយនេះបាននិយាយថា ខណៈពេលដែលការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅហើយមន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកបានជូនដំណឹងនោះ មាតិកានៃទំព័រមួយចំនួនត្រូវបានងាកទៅរកប្រទេសអ៊ីរ៉ង់និងអ្នកដទៃដែលជាប់ទាក់ទងទៅនឹងក្រុមដែលពីមុនធ្លាប់ភ្ជាប់ទៅនឹងប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។
លោក Zuckerberg បានថ្លែងថា “យើងជឿជាក់ថា ពួកគេគឺជាផ្នែកនៃយុទ្ធនាការចំនួនពីរ”។ នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គមមួយនេះបាននិយាយក្នុងរបាយការណ៍សង្ខេបមួយជាមួយអ្នកយកព័ត៌មានថា គណនីមួយចំនួនដូចជានៅ Instagram ផងដែរគឺត្រូវបានបង្ហាញជាព័ត៌មានឯករាជ្យឬក្រុមសង្គមស៊ីវិលប៉ុន្តែធាតុពិតគឺធ្វើការក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល។
យោងតាមប្រធានគ្រប់គ្រងគោលនយោបាយអ៊ីនធើណិតលោក Nathaniel Gleicher បានឲ្យដឹងថា ខ្លឹមសារដែលត្រូវបានបង្ហោះដោយគណនីទាំងនោះគឺបានកំណត់គោលដៅលើអ្នកប្រើ Facebook នៅចក្រភពអង់គ្លេស អាមេរិកឡាទីន មជ្ឈឹមបូព៌ានិងសហរដ្ឋអាមេរិក។
លោកបាននិយាយថា ការបង្ហោះដោយគណនីពាក់ព័ន្ធនៅតែកំពុងត្រូវបានពិនិត្យយ៉ាងច្បាស់លាស់ហើយគោលដៅរបស់ពួកគេគឺមិនទាន់ច្បាស់លាស់នៅឡើយទេនៅចំណុចនេះ។
គួរបញ្ជាក់ថា ការស៊ើបអង្កេតរបស់ Facebook ត្រូវបានជំរុញដោយការឲ្យតម្រុយពីក្រុមហ៊ុនអ៊ីនធឺណិត FireEye ទាក់ទងនឹងការប្រមូលផ្តុំនៃទំព័រ “Liberty Front Press” នៅបណ្តាញសង្គមមួយនេះនិងសេវាអនឡាញដទៃទៀត។
គណនី “Liberty Front Press” ទីមួយដែលត្រូវបានរកឃើញលើ Facebook គឺត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ហើយបានបង្ហោះមាតិកានយោបាយសំខាន់ៗដែលផ្តោតលើតំបន់មជ្ឈិមបូព៌ារួមជាមួយចក្រភពអង់គ្លេស អាមេរិកឡាទីននិងសហរដ្ឋអាមេរិក៕ AFP
Source: Kampuchea Thmey Daily
0 Comments