Ad Code

រញ្ជួយ​ដី​កម្រិត​៧.៣​រ៉ិ​ច​ទ័​រ​នៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បង្ក​ភាព​ភ័យ​ស្លន់ស្លោ​ ប៉ុន្តែ​មិន​មាន​អ្នករបួស​ទេ



ក្រុម​ស្ទង់​ភូមិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក (USGS) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ត្រូវ​រង​ការវាយប្រហារ​ដោយ​ការ​រញ្ជួយ​ដី​កម្រិត​៧.៣​រ៉ិ​ច​ទ័​រ​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ខ្លួន​ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​បើ​ទោះបីជា​មិន​មាន​របាយការណ៍​ពី​អ្នក​រង​របួស​ ឬ​ការខូចខាត​ក៏ដោយ។

លោក Edwin Rojas អភិបាល​រដ្ឋ​មួយ ​ដែល​ស្ថិតនៅ​ជិត​បំផុត​នឹង​ការ​រញ្ជួយ​ដី​នេះ​បាន​ប្រាប់​ទូរទស្សន៍​ជាតិ​ថា “​ស្ថានការណ៍​ស្ងប់ស្ងាត់​”​។ លោក​បាន​បន្ថែមថា “​វា​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​យើង​ខាន​ឃើញ​ការរញ្ជួយ​ដី​ក្នុង​កម្រិត​ដូច​បែបនេះ​”​។​

ទន្ទឹម​នោះ​លោក Rojas បាន​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​រាយការណ៍​អំពី​រលក​យក្ស​ស៊ូណាមិ​ថា​ជា “​កំហុសឆ្គង​ល្ងីល្ងើ​” ដែល​បង្កបញ្ហា​និង​ការធ្វើ​ឲ្យ​ប្រជាជន​ភ័យ​តក់ស្លុត​។​

មជ្ឈមណ្ឌល​ប្រកាសអាសន្ន​នៃ​រលក​យក្ស​ស៊ូណាមិ​ប៉ាស៊ីហ្វិក​បាន​និយាយថា “​មិនមាន​ការគំរាមកំហែង​នៃ​រលក​យក្ស​ស៊ូណាមិ​ពី​ការរញ្ជួយ​ដី​នេះ​ទេ​”​។​

លោក Rojas បាន​បន្ថែមថា មន្ទីរពេទ្យ​មិនបាន​ផ្តល់​របាយការណ៍​អំពី​អ្នករងរបួស​នោះទេ​។​
​ការរញ្ជួយ​នេះ​បាន​រង្គើ​រយៈពេល​ជាច្រើន​វិនាទី​ក្នុង​ចម្ងាយ​ប្រហែល​៤០០​គីឡូម៉ែត្រ​នៅ​រដ្ឋធានី Caracas ជាពិសេស​នៅក្នុង​អគារ​ខ្ពស់ៗ​ដោយ​មនុស្ស​ភាគច្រើន​ត្រូវបាន​ជម្លៀសចេញ​ដោយសារតែ​ការ​ភ័យ​ស្លន់ស្លោរ​ឬ​ការខូចខាត​នៃ​រចនាសម្ព័ន្ធ​។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nestor Reverol បាន​និយាយថា ការរញ្ជួយ​ដី​ដ៏​យូរ​នេះ​បាន​រង្គើ​នៅតាម​បណ្តា​រដ្ឋ​ជាច្រើន​ប៉ុន្តែ​ថា សម្រាប់​ពេលនេះ​មិនមាន​របាយការណ៍​ពី​ជនរងគ្រោះ​ទេ​។ លោក​បាន​បន្ថែមថា ការខូចខាត​កំពុង​ត្រូវបាន​គេ​វាយតម្លៃ​។​

ខ្សែ​ទូរស័ព្ទ​ត្រូវបាន​កាត់ផ្តាច់​អស់​រយៈពេល​ជាច្រើន​នាទី​។ ប្រជាជន​បាន​យក​អ្វីដែល​ពួកគេ​អាច​យកបាន​ចេញពី​អគារ​របស់​ពួកគេ​ខណៈដែល​អ្នកផ្សេង​ទៀត​បា​ន​ឱប​គ្នា​ហើយ​យំ​។​

USGS បាន​និយាយថា ការរញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ខណៈដែល​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​គឺ​ស្ថិតនៅ​ជិត​ឆ្នេរសមុទ្រ​នៃ​រដ្ឋ Sucre ក្នុង​ជម្រៅ​១២៣​គីឡូម៉ែត្រ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu