ភ្នំពេញ ៖ ជនសង្ស័យជាចោរទាក់ឆ្កែពេលយប់ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យល្បាតឃើញដេញចាប់ប្រផាប់ប្រភីង ចៃដន្យជនសង្ស័យជិះម៉ូតូចូលភក់ដួលទើបនគរបាលទៅទាន់ចាប់ឃាត់បានភ្លាមៗ និងដកហូតបានឧបករណ៍សម្រាប់ទាក់ឆ្កែមួយចំនួនជាវត្ថុតាង ហើយបញ្ជូនឲ្យនគរបាលប៉ុស្តិ៍ចាត់ការបន្តកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលំជាប់ថ្នល់រថភ្លើងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យម្ចាស់ម៉ូតូឈ្មោះ រិនឌីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ម្នាក់ទៀតមិនបានស្គាល់ឈ្មោះ ជិះម៉ូតូម៉ាកផ្លឺស ពណ៌ឈាមជ្រូក ស្លាកលេខទើប ចាប់ថ្មី ភ្នំពេញ1BJ-3632។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានចេញល្បាតនៅភូមិសាស្ត្រ ដែលស្មុគស្មាញខាងលើ លុះបើកម៉ូតូមកដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿង។
ភ្លាមៗនោះ ជនសង្ស័យពេលឃើញសមត្ថកិច្ចបានព្យាយាមជិះម៉ូតូក្នុងគោលបំណងរត់គេចពីសមត្ថកិច្ចដោយជិះម៉ូតូឌុបគ្នាយ៉ាងលឿនទាំងការភិតភ័យ ហើយសមត្ថកិច្ចដោយមានការសង្ស័យ ក៏ជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ តែដោយសារស្ថានភាពផ្លូវលំក្នុងភូមិមានភក់ជ្រាំផុងផាយទើបធ្វើឲ្យជនសង្ស័យដួលម៉ូតូកប់ភក់នោះរត់លេងរួច។
ប្រភពបន្តថា ពេលដែលជនសង្ស័យដួលសមត្ថកិច្ចបានចូលទៅឆែកឆេរនៅលើជនសង្ស័យទាំងពីរនាក់ដោយមិនឃើញអ្វីជាប់នឹងខ្លួន តែនៅជិតម៉ូតូដែលដួលនោះវិញ មានសម្ភារៈឧបករណ៍សម្រាប់ទាក់ឆ្កែដូចជាដែកថ្នាំងអំពៅធំមួយដើមប្រវែងប្រមាណ៣តឹក និងខ្សែអន្ទាក់ចំនួនពីរ ដែលធ្វើអំពីខ្សែហ្វ្រាំងកង់សម្រាប់ទាក់ឆ្កែ គេថាអន្ទាក់ក្រុមចោរទាក់ឆ្កែនេះគ្រាន់តែទាក់កឆ្កែបានទាញកន្ត្រាក់មកឆ្កែងាប់ភ្លាមរកតែស្រែកមិនទាន់ផង។
ក្រោយពេលចាប់ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានប្រគល់អោយកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ជាមូលដ្ឋានរបស់គេដើម្បីឲ្យគេសាកសួរសិន៕
Source: Kampuchea Thmey Daily
0 Comments