កាលពីថ្ងៃអង្គារ លោក Donald Trump បានជាប់ចោទពីបទរួមគំនិតក្នុងការក្លែងបន្លំយុទ្ធនាការហើយជំនួយការជិតស្និទ្ធបំផុតពីររូបរបស់លោកត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារបន្ទាប់ពីនីតិវិធីរបស់តុលាការបានផ្តល់នូវឧបសគ្គផ្នែកច្បាប់និងនយោបាយទៅកាន់តំណែងប្រធានាធិបតីដ៏ចម្រូងចម្រាសរបស់លោក។
នៅក្នុងរឿងរ៉ាវមួយដែលកើតឡើងក្នុងពេលដំណាលគ្នានៅទូទាំងទីក្រុងចំនួនពីររបស់សហរដ្ឋអាមេរិក, តុលាការបានរកឃើញថា ជំនួយការទាំងពីរមានទោសចំនួន៨ករណីដែលបណ្តាលមកពីការស៊ើបអង្កេតសហព័ន្ធចូលទៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។
នៅទីក្រុងញូវយ៉ក មេធាវីយូរអង្វែងរបស់លោក Trump គឺលោក Michael Cohen បានទទួលស្គាល់ករណីទាំងប្រាំបីរួមទាំងការរួមចំណែកក្នុងការធ្វើយុទ្ធនាការដោយខុសច្បាប់ផងដែរ។
លោក Cohen បានរៀបរាប់លម្អិតអំពីរបៀបដែលគាត់បានផ្តល់ប្រាក់បំបិទមាត់មុនពេលបោះឆ្នោតទៅឲ្យតារាសិចឈ្មោះ Stormy Daniels និងតារាម៉ូដែល Playboy នាង Karen McDougal ។ ស្ត្រីទាំងពីរនាក់នេះបានអះអាងថា មានទំនាក់ទំនងជាមួយលោក Trump ។
ប៉ុន្តែអ្វីដែលជារឿងសំខាន់នោះគឺថា លោក Cohen ក៏បានចង្អុលដាក់លោកប្រធានាធិបតីថាជាអ្នករួមគំនិតផងដែរដោយចោទប្រកាន់ថា លោកបានដើរតួក្នុងការសម្របសម្រួលនិងការដឹកនាំរបស់លោក Trump សម្រាប់តំណែងការិយាល័យសហព័ន្ធ។
លោក Cohen បានប្រាប់ចៅក្រមថា “ខ្ញុំបានចូលរួមក្នុងការប្រព្រឹត្ដនេះក្នុងគោលបំណងជះឥទ្ធិពលដល់ការបោះឆ្នោត”។
ការសារភាពនោះបានធ្វើឲ្យលោក Trump មានគ្រោះថ្នាក់តាមផ្លូវច្បាប់ហើយបានលើកឡើងពីការរំពឹងទុកថា អនុប្រធានាធិបតីដែលជឿទុកចិត្តបានត្រៀមខ្លួនរួចជាស្រេចដើម្បីទម្លាយរឿងអាថ៌កំបាំងដែលបានប្រមូលផ្តុំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយជាថ្នូរនឹងការបន្ធូរបន្ថយទោស។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបានបដិសេធធ្វើអត្ថាធិប្បាយលើការចោទប្រកាន់របស់លោក Cohen ។
ខណៈពេលដែលរឿងរ៉ាវរបស់លោក Cohen ត្រូវបានលាតត្រដាងនៅទីក្រុងញូវយ៉កនោះ ចៅក្រមនៅរដ្ឋ Virginia បានរកឃើញថា លោក Paul Manafort ដែលធ្លាប់ជាប្រធានយុទ្ធនាការឃោសនារបស់លោក Trump មានពិរុទ្ធភាព៨ករណីដោយរាប់បញ្ចូលទាំងការក្លែងបន្លំធនាគារ ការក្លែងបន្លំពន្ធនិងការបរាជ័យក្នុងការប្រកាសគណនីធនាគារបរទេសផងដែរ។
លោក Trump បានសម្តែងការសោកស្តាយដោយហៅលោក Manafort ថា “បុរសល្អម្នាក់”។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅពេលគាត់មកដល់រដ្ឋ West Virginia សម្រាប់ការជួបជុំមួយថា “ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយណាស់ចំពោះរឿងនេះ។ វាគឺជារឿងគួរឲ្យសោកស្តាយមួយដែលបានកើតឡើង រឿងនេះមិនមានអ្វីដែលត្រូវធ្វើជាមួយការឃុបឃិតរបស់រុស្ស៊ីនោះទេ”៕ AFP
Source: Kampuchea Thmey Daily
0 Comments