ភ្នំពេញ ៖ ជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានគេរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានថា បានស្លាប់នៅមន្ទីរពេទ្យសង់ត្រាល់ បន្ទាប់ពីមានម៉ូតូកង់បី១គ្រឿងដឹកជនបរទេសរូបនោះចូលពេទ្យលុះមួយសន្ទុះក្រោយមកក៏ស្លាប់តែម្តង។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៨ល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នៅពេទ្យសង់ត្រាល់ ដែលមានទីតាំងលេខ៨២ផ្លូវលេខ១៥៤ ក្រុម៦៦ ភូមិ១១ ក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលស្លាប់នោះ ឈ្មោះFROHNET OSKAR WERNER ភេទប្រុស ឆ្នាំ១៩៥០ កាន់លិខិតឆ្លងដែនលេខN4801109 មុខរបរនិងទីលំនៅមិនដឹងនោះទេ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកង់បី១គ្រឿងបានដឹងជនបរទេសរូបនោះ មកដាក់នៅខាងមុខពេទ្យ ពេលនោះជនបរទេសរូបនោះក៏បានដើរសំដៅចូលក្នុងពេទ្យសង់ត្រាល់ពេលនោះដែរម៉ូតូកង់បីក៏ទៅបាត់ហើយជនរងគ្រោះបានប្រាប់ពេទ្យថា គាត់ឈឺចុចចាប់ត្រង់ទ្រូងខ្លាំងណាស់ ពេលនោះដែរ គ្រូពេទ្យក៏បានវាស់សង្វាក់បេះដូងរបស់ជនរងគ្រោះឃើញថា មានសភាពធ្ងន់ធ្ងរ ហើយខណៈគ្រូពេទ្យនៅទីនោះសង្គ្រោះបានបន្តិចក៏ជនបរទេសរូបនោះដាច់ខ្យល់ស្លាប់បាត់តែម្តងហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីមានការរាយការណ៍មានជនបរទេសស្លាប់នៅមន្ទីរពេទ្យនោះហើយ កម្លាំងសមត្ថកិច្ចក៏បានបង្កើតគណៈកម្មការចំរុះចុះមកពិនិត្យធ្វើកោសល្យវិច័យដោយចេញជាលទ្ធផលឃើញថាជនបរទេសរូបនោះស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្នសពជនបរទេសរូបនោះបានបញ្ជូនទៅតម្កល់នៅមន្ទីរពេទ្យរុស្ស៊ីដើម្បីរង់ចាំគ្រួសារសាច់ញាតិមកសួររក៕
Source: Kampuchea Thmey Daily
0 Comments