Ad Code

ចោទប្រកាន់​ហើយ​ឃុំខ្លួន​ជនជាតិ​ចិន​៥​នាក់​ ពី​បទ​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់



ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ ២២​សីហា កម្លាំង​សម​ត្ថ​កិច្ច​នគរបាល​ខណ្ឌទួលគោក បានធ្វើ​ការ​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៥ នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជនជាតិ​ចិន​ទាំង​៥ នាក់​នេះ​បាន​ជាប់​ពាក់​ព័ន្ធ​ថា ​បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៣​ករណី សុទ្ធ​ជា​បទល្មើស ឧក្រិដ្ឋ។

ជនសង្ស័យ​១.​ឈ្មោះ LEE JUNG CHUEN ហៅ LAO LY ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ២.CHEN CHEN ហៅ PANG ZHI ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៣.​ឈ្មោះ WANG XIANWEI ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៤.​ឈ្មោះ ZU ZHAN CIANG ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ៥.​ឈ្មោះ ZHANG YOUNG JIAN ភេទប្រុស អាយុ​២៧​ឆ្នាំ។

ដើមចម នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​៥​នាក់​នោះ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២ និង ១៥​នាទី​រំលង​អធ្រា​ត្រ​យប់​ថ្ងៃទី​១៦ សីហា កម្លាំង​សម​ត្ថ​កិច្ច​នគរបាល​ខណ្ឌទួលគោក ទទួលបាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​មួយ ពី​ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា ថា មាន​ជនជាតិ​ចិន​១​ក្រុម បាននឹង កំពុង​ចាប់​បង្ខាំង​មនុស្ស​នៅ​ចំណុច​អគារ​សម្រាប់​ជួល ដីឡូត៍​លេខ​២ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​១។

ក្រោយពី​ទទួលបាន​បណ្តឹង​ផ្ទាល់មាត់​នោះ នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជាបន្ទាន់ ដោយមាន​ការ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង មានការ​សម្របសម្រួល​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៨ សីហា ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥ នាក់​ខាងលើ​នេះ។

ប្រភព​ព័ត៌មាន​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ទាំង​៥ នាក់​នោះ​បាន​រក​ឃើញ​បទល្មើស​ជាក់ស្តែង​ចំនួន​៣​បទល្មើស ១.​បទ កំហែង​យក​(​គំរាម​ទារប្រាក់​) ២.​បទ លួច​(​លួច​កាបូ​លុយ​ជនរងគ្រោះ​ចំនួន​២០ ០០០​ដុល្លារ​អាមេរិក និង លិខិតឆ្លងដែន​មួយ​ក្បាល ។ ៣.​បទ បង្ខាំង​ទុក​ធ្វើ​ទា​រណកម្ម​ជំរិត​ទា​ប្រាក់​(​យក​ដែក​ដង​អំបោស កូនកាំបិត​វះ​ដៃ យក​ខ្សែចំណង​ពណ៌​ស​ចងជើង​ជនរងគ្រោះ ដោយ​ធ្វើ​ទា​រណកម្ម​លើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រង​របួស​ច្រើន​កន្លែង គំរាម​ជំរិត​ទារប្រាក់​ចំនួន​២០០ ០០០​យ័ន្ត ដែល​ប្រព្រឹត្ត​នៅ​៣​ទីតាំង​ផ្សេងគ្នា។



ទីតាំង​ទី​១.(​បទល្មើស​កំហែក​យក​)​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង ១០​នាទី​យប់​ថ្ងៃទី​១២ សីហា នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​លេខ​៩២ ផ្លូវ​១៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ទីតាំង​ទី​២.​បទល្មើស​(​លួច​)​កើតហេតុ​កាលពី​វេលា​ម៉ោង​២ និង ១៥​នាទី​រំលង​អធ្រាត្រ​ថ្ងៃទី​១៣ សីហា នៅ​ចំណុច​បន្ទប់​លេខ​៤០០ នៃ​សណ្ឋាគារ RAVER STA ដែល​ស្ថិតនៅ​ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ និង ទីតាំង​ទី​៣.​បទល្មើស​(​បង្ខាំង​ទុក​ជំរិត​ទារប្រាក់​) កើតហេតុ​កាលពី​វេលា​ម៉ោង​ប្រហែល​២ និង​៤០​នាទី​រំលង​អធ្រាត្រ​យប់​ថ្ងៃទី​១៦ សីហា នៅ​ចំណុច​អាគារ​សម្រាប់​ជួល ដីឡូត៍​លេខ​២ ផ្លូវ​៣១៥ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដោយ​យោង​ទៅលើ​ពាក្យ​បណ្តឹង​ផ្ទាល់មាត់ និង ជា​ករណី​បង្ក្រាប​ជាក់ស្តែង រួម​ទាំង​ចម្លើយ​ជនសង្ស័យ​ទាំង​៥នាក់​មាន​ភាព​ស៊ី​សង្វាក់​ប្រហាក់ប្រហែល​គ្នា សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក បាន​សន្មត់​ការចោទប្រកាន់​ចំនួន​៣ បទល្មើស ដូច​បាន​រៀបរាប់​ខាងលើនេះ។ បន្ទាប់មក​ជនសង្ស័យ​ក៏​ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាមផ្លូវ​ច្បាប់ ។

នា​រសៀល​ថ្ងៃទី​២២​សីហា​នេះ លោក​តុ​ប ឈុន​ឡុង ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​បានសម្រេច​ចោទប្រកាន់​ជនជាតិ​ចិន​ទាំង​៥​នាក់​ ហើយ​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ឃុំខ្លួន​ដើម្បី​ស៊ើប​សួរ​នៅពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu