ព្រះសីហនុ ៖ ដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់ស្នងការនគរបាល ខេត្តព្រះសីហនុ ដើម្បីឃ្លាំមើល និងបង្ក្រាបឲ្យបានជនជាតិចិន ដែលប្រកបរបរខុសច្បាប់នៅកម្ពុជា ដូចជាមានការដើរផ្សព្វផ្សាយចែកខិតប័ណ្ណម៉ាស្សា មានរូបភាពទាក់ទាញ បង្កប់សេវាកម្មផ្លូវភេទ បែបពេស្យាចារនោះ អ្នកដើរចែកខិតប័ណ្ណម៉ាស្សាចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ សហការគ្នា ស្រាវជ្រាវឆ្មក់ចាប់បាន កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ និងដកហូតបានខិតប័ណ្ណជាច្រើនសន្លឹកផងដែរ។
ការចាប់ខ្លួនបុរសជនជាតិចិនទាំង៧នាក់ ត្រូវបានធ្វើឡើងក្រោមបញ្ជារបស់លោក ជួន ណារិន្ទ បន្ទាប់ពីមានការចែកចាយជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីសប្ដាហ៍មុន ពីរឿងដើរចែកខិត្តប័ណ្ណ នៅខេត្តព្រះសីហនុ។ ជនជាតិចិនទាំង៧នាក់នោះ រួមមានឈ្មោះ ១- LI YU HANG ភេទប្រុស អាយុ ២២ ឆ្នាំ ,២- LI ZI MING ភេទប្រុស អាយុ ៣៤ ឆ្នាំ ,៣-FAN CHAOJUN ភេទប្រុស អាយុ២៧ ឆ្នាំ, ៤- LU JIAN ភេទប្រុស អាយុ ២៩ ឆ្នាំ ,៥- LI ZHU ZHI ភេទប្រុស អាយុ ៣៦ ឆ្នាំ ,៦- WEN XIAO HU ភេទប្រុស អាយុ៣៤ ឆ្នាំ។ ដោយឡែក ទី៧- ឈ្មោះ FU PENG PENG ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុចខាងក្រោយកាស៊ីណូ ប៉ាវម៉ាយ ក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានបិទរូបភាពអាសអាភាស នៅកញ្ចក់ក្រោយរថយន្ត។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ពេលដែលហៅអ្នកជំនាញ មកធ្វើការបកប្រែភាសាចិន ក្នុងខិត្តប័ណ្ណទាំងនោះ មានន័យត្រឹមតែសេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែរូបភាព វាបង្កប់ទៅជាការផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬពេស្យាចារ ដែលជាអំពើខុសច្បាប់នៅប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា បុរសជនជាតិចិនទាំង៧នាក់នោះ យើងបានធ្វើការអប់រំ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះទាំងស្រុង ពីព្រោះវាជាអំពើខុសច្បាប់នៅកម្ពុជា។
សូមបញ្ជាក់ថា ថ្មីៗនេះ ខិតប័ណ្ណរូបស្ត្រីចិនស្រស់ស្អាតស្រាតននលគោក និងមានសរសេរអក្សរចិនអមជាមួយ រួមទាំងដាក់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ត្រូវបានចែកចាយពេញខេត្តព្រះសីហនុ ដែលជាខេត្តមួយដែលជាសំបូរដោយភ្ញៀវទេសចរចិន។ ខិត្តប័ណ្ណនេះ គឺមានក្រុមស្រីៗដើរចែកនៅតាមបន្ទប់ភ្ញៀវ ដែលស្នាក់នៅសណ្ឋាគារ និងនៅតាមទីសាធារណៈមួយចំនួននៅក្នុងខេត្តព្រះសីហនុ៕
Source: Kampuchea Thmey Daily
0 Comments