Ad Code

ក្រុម​គ្រួសារ​អ្នកធំ​ម្នាក់ ​រង​ការ​ប្តឹង​ពី​ជនរងគ្រោះ​ថា​បាន​នាំគ្នា​មក​វ៉ៃ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​២​ខែ​បណ្តាល​ឲ្យ​រលូត​កូន



សៀមរាប​ ៖ ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​២​ខែ​ម្នាក់​ បានដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​និង​ស្ថាប័ន​តុលាការ​ជួយ​រក​​​យុត្តិធម៌​ករណី ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​គេ​ដឹងថា ជា​ភរិយា​របស់​អតីត​អភិបាលរង​ខេត្តសៀមរាប បាន​នាំគ្នា​មក​វ៉ៃ​នៅមុខ​បន្ទប់​ជួល រហូត​រលូត​កូន។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ពេជ្រ ស្រី​នាង រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ដំណើរ​សាច់រឿង​នៅ​ថ្ងៃទី​១១​ខែសីហា នេះ​ថា នៅ​ពី​ល្ងាច​ថ្ងៃទី​២៣​ ខែមិថុនា​ឆ្នាំ​២០១៨ ក្រុមគ្រួសារ​គាត់​និង​មិត្តភក្តិ​បាន​ជួបជុំគ្នា​ហូបបាយ ហើយក៏​ចាក់​កូន​ប៉ាស់​១​ច្រៀង​លេង ពេលដែល​ពួកគាត់​ច្រៀង​បាន​១​បទ​ស្ត្រី​ឈ្មោះ​កែវ សុខុម ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​(​ភរិយា​របស់លោក គឹម ឆៃ​ហៀ​ង អតីត​អភិបាលរង​ខេត្តសៀមរាប​)​បាន​ឲ្យ​គេ​មក​ប្រាប់ថា ​កុំ​ចាក់​ព្រោះ​វា​រំខាន គ្រានោះ​គាត់​ក៏​បិទ​ប៉ាស់​ទៅ​។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​សំឡេង​ប៉ាស់​លាន់ឮ​ខ្លាំងៗ​ចេញពីផ្ទះ​ជនបង្ក ​តែ​​​ស្ត្រី​ឈ្មោះ​កែវ សុខុម​បាន​ស្រែក​ជេរ​និង​គប់​ស្បែកជើង​ចូលមកក្នុង​បន្ទប់​របស់គាត់​។​

ស្ត្រីជន​រងគ្រោះ​បន្តថា បន្ទាប់ពី​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​រួចមក ស្ត្រី​ឈ្មោះ​កែវ សុខុម ថា​ឈប់​ជួល​ផ្ទះ​ឲ្យ​និង​បាន​ដេញចេញ​ភ្លាមៗ​តែម្តង​ដោយ​គាត់​ទើបតែ​មក​ជួល​ស្នាក់​នៅបាន​១៥​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ជនរងគ្រោះ​បាន​ទាមទារ​ប្រាក់​កក់​នៅ​សល់ តែ​គាត់​ថា​មិន​ព្រម​ឲ្យ ទើប​ចេះតែ​មានរឿង​ទំនាស់​ពាក្យសម្តី​គ្នា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​រហូតដល់​ស្ត្រី​ឈ្មោះ​កែវ សុខុម​និង​កូនស្រី​ឈ្មោះ​ហៀ​ង ស្រី​ណុ​ច និង​បក្ខពួក​៣​នាក់​ទៀត បាននាំគ្នា​មក​វ៉ៃ​ទាត់​ធាក់​គាត់​ដល់​បន្ទប់​ជួល បណ្តាល​ឲ្យ​រងរបួស​និង​រលូត​កូន ក្នុង​ផ្ទៃ​អាយុ​២​ខែ​តែម្តង​។​ស្ត្រីជន​រងគ្រោះ​បន្តថា បន្ទាប់ពី​កើតហេតុ​ក្រុមគ្រួសារ​បាន​នាំ​គាត់​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្វាយដង្គំ និង​នគរបាល​ជំនាញ​ដើម្បី​ឲ្យ​ពួកគាត់​ជួយ​រក​ភាពយុត្តិធម៌​ដល់​រូបគាត់​ផង​។

​ស្ត្រីជន​រងគ្រោះ​បន្តថា​ការរង់ចាំ​អស់​រយៈពេល​ជិត​២​ខែ មកហើយ​នៅ​មិនទាន់មាន​ពន្លឺ​ទើប​ពួក​បាន​សម្រេចចិត្ត​មក​ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការ​បន្ថែមទៀត​នៅ​ថ្ងៃទី​០៨​ខែសីហា នេះ​។​ស្ត្រីជន​រងគ្រោះ​បញ្ជាក់ថា ករណីនេះ​គាត់​ដាក់ពាក្យ​ប្តឹង​ទាមទារ​សំណង​ចំនួន​៥​ម៉ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក​និង​ស្នើ​ឲ្យ​តុលាការ​ចាត់​ការ​ទៅលើ​ជនបង្ក​ទៅតាម​ផ្លូវច្បាប់​។​ ចំណែក​ខាង​ក្រុមគ្រួសារ​ដែល​រង​ការចោទប្រកាន់ថា​បាន​លើកគ្នា​មក​វ៉ៃ​គេ​ដល់​បន្ទប់​នោះ​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បានទេ ដោយ​ហៅ​ទូរស័ព្ទ ទៅ​នៅក្រៅ​តំបន់​សេវា​។

​ទាក់ទិន​ទៅ​នឹង​ករណី​នេះដែរ នគរបាល​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​នេះ​ថា​ សំណុំរឿង​ហ្នឹង​ខាង​លោក​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​។​ ទាក់ទិន​ករណីនេះ​ដែរ​លោក យិន ស្រាង អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​នេះ​ថា សំណុំរឿង​ហ្នឹង​ខាង​លោក​ទទួលបាន​ពាក្យបណ្តឹង​ហើយ តែ​អ្នក​មកប្តឹង​នោះ​ឃើញ​មានតែ​ពាក្យបណ្តឹង​ឯ ឯកសារ​ផ្សេងៗ​នោះ​នៅ​មិនឃើញ​មាន​ដាក់​មក​តុលាការ​នៅឡើយ​។​

លោក​បន្តថា ​សំណុំរឿង​ហ្នឹង​នៅ​មិនទាន់​ដល់ដៃ​ព្រះរាជអាជ្ញា ណាមួយ​នៅឡើយ​ទេ ព្រោះ​មិនទាន់មាន​ឯកសារ​ត្រឹមត្រូវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu