Ad Code

បាត់​ខ្លួន​ពីរ​ថ្ងៃ ពេល​ប្រទះឃើញ គឺ​ហើម​អណ្ដែត​នៅក្នុង​ទឹកស្ទឹង



បាត់ដំបង​ ៖ ​បុរស​ម្នាក់​ ដែល​អ្នកភូមិ​បាន​ស្គាល់​យ៉ាងច្បាស់​ថា គេ​គឺជា​មនុស្ស​ចូលចិត្ត​ផឹកស្រា ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​អណ្តែត​នៅក្នុង​ទឹកស្ទឹង​ទៅហើយ បន្ទាប់ពី​ក្រុមគ្រួសារ បាន​បាត់​បុរស​រូបនេះ អស់​រយៈពេល​២​ថ្ងៃ​មកហើយ ព្រោះ​ក្រោយពេល​ផឹក​ស៊ី​ម្តងៗ​គេ​ចូលចិត្ត​ចុះ​ដេក​ត្រាំ​ទឹកស្ទឹង ដើម្បី​បន្ថយកម្តៅ​ក្នុង​ខ្លួន។

ការប្រទះឃើញ​សព​ គឺ​នៅវេលា​ម៉ោង​៩ ​ព្រឹក ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច កំពង់​វត្ត​ថ្វាក ស្ថិតនៅ​ភូមិ​សេរី​វ័​ន្ត ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​ ដោយ​ជនរងគ្រោះ​មានឈ្មោះ រឿន រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ។

គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​ប្រភព​មួយចំនួន​ដែល​រស់នៅ​ក្នុង​តំបន់​នោះ ​ បាន​អោយ​ដឹង​ថា ជនរងគ្រោះ​ចូលចិត្ត​ផឹកស្រា​ជាប្រចាំ ហើយ​នៅពេល​ស្រវឹង​ម្តងៗ​ គេ​តែងតែ​ចុះទៅ​ដេក​ត្រាំ​ក្នុង​ទឹកស្ទឹង ដើម្បី​អោយ​ត្រជាក់​ខ្លួន និង​ដើម្បី​បន្ថយ​កម្តៅ​ក្នុង​ខ្លួន​ដោយសារតែ​ជាតិ​សុរា​ ប៉ុន្តែ​បើតាម​ចាស់ៗ​ធ្លាប់​ពោលថា មនុស្ស​ស្រវឹងស្រា គេ​មិនអោយ​ចុះ​ហែល​ទឹក​ទេ ព្រោះ​វា​អាចជា​ការប្រឆាំង​គ្នា​ក៏​ថា​បាន ព្រោះ​ខ្លួន​ពោរពេញ​ដោយ​កម្តៅ ឯ​ទឹក​នៅ​ខាងក្រៅ វា​មាន​ជាតិ​ត្រជាក់។

បើតាម​ការ​អោយដឹងពី​ក្រុមគ្រួសារ​គឺ​បាន​និយាយថា ជនរងគ្រោះ​បាន​បាត់​ខ្លួន​តាំងពី ថ្ងៃ​ទី​៩ មកម្ល៉េះ ដោយ​មិនដឹង​ជា​ទៅ​ទីណា ក្រោយ​ពេលដែល​គេ​បាន​ផឹក​ស៊ី​រួចមក លុះ​រហូតដល់​ថ្ងៃទី ១១ ព្រឹកមិញ​នេះ ក៏​ស្រាប់តែ​មានការ​ឆោឡោ​ឡើង ដោយសារតែ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ សព​ជនរងគ្រោះ​អណ្តែត​នៅក្នុង​ស្ទឹង ទើប​ពួកគេ​នាំគ្នា​ចុះ​ស្រង់ ដោយមាន​ការ​ត្រួតពិនិត្យ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ផងដែរ បច្ចុប្បន្ន សព​ត្រូវបាន​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ នាំយកទៅ​ធ្វើបុណ្យ​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu