Ad Code

អារ៉ាប៊ីសាអ៊ូឌីត​ បើក​ការស៊ើបអង្កេត​លើ​ការវាយប្រហារ​អាកាស​ ដែល​បណ្តាល​ឲ្យ​កុមារ​យេ​មែន​ស្លាប់



សម្ព័ន្ធភាព​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បានប្រកាស​ថា ខ្លួន​នឹង​ស៊ើបអង្កេត​លើ​ការវាយប្រហារ​ពី​អាកាស​មួយ​នៅ​ប្រទេស​យេ​មែន​ ដែល​បានសម្លាប់​កុមារ​យ៉ាងតិច​២៩​នាក់។

នៅលើ​គេហទំព័រ Twitter របស់ខ្លួន​, ទូរទស្សន៍ Al-Arabiya ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ដកស្រង់​សំដី​មន្ត្រីជាន់ខ្ពស់​ម្នាក់​ដែល​បាន​និយាយថា ក្រុមចម្រុះ​កំពុង​ស៊ើបអង្កេត​ការខូចខាត​ដែល​បណ្តាលមកពី​ការវាយប្រហារ​នេះ​។​

កងកម្លាំង​នេះ​បាន​វាយប្រហារ​លើ​រថយន្តក្រុង​មួយគ្រឿង​នៅ​ទីក្រុង Dahyan ក្នុង​ខេត្ត Saada ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​។​

ក្រុមចម្រុះ​គាំទ្រ​រដ្ឋាភិបាល​យេ​មែន​បាន​ប្រឆាំងនឹង​ពួក​ឧទ្ទាម Houthi ហើយពី​ដំបូង​ឡើយ​បាន​ចាត់ទុកថា សកម្មភាព​របស់ខ្លួន​គឺ “​ស្របច្បាប់​”​។​

ប៉ុន្តែ​ឥឡូវនេះ ក្រុមចម្រុះ​មានបំណង​ធ្វើការ​ស៊ើបអង្កេត​លើ​ការវាយប្រហារ​នេះ​ខណៈ​ក្រុមមន្ត្រី​បាន​និយាយថា ពួកគេ​នឹង​នាំ​ជនល្មើស​មក​ទទួលខុស​ត្រូវ​និង​សងជំងឺចិត្ត​ដល់​ជនរងគ្រោះ​។​

ក្រសួងសុខាភិបាល​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ក្រុម Houthi បាន​និយាយថា ចំនួន​អ្នកស្លាប់​ដោយសារ​ការវាយប្រហារ​នេះ​បាន​កើនឡើង​ដល់​៥១​នាក់​ដែល​ក្នុងនោះ​មាន​កុមារ​៤០​នាក់​និង​៧៩​នាក់​ផ្សេងទៀត​រងរបួស​។​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត “​ឯករាជ្យ​និង​ឆាប់រហ័ស​” ចូលទៅក្នុង​ការវាយប្រហា​រ​នេះ​។​
​រដ្ឋមន្ត្រី​ការិយាល័យ​បរទេស​អង់គ្លេស​លោក Alistair Burt ក៏បាន​សង្កត់ធ្ងន់​ពី​តម្រូវការ​ឲ្យ​មានការ​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​ផងដែរ​។​

ចំណែក​លោក Mohammed Ali al-Houthi មេដឹកនាំ​ក្រុមប្រឹក្សា​បដិវត្តន៍​កំពូល​របស់​ក្រុម Houthi បាន​បង្ហោះ Twitter ថា គាត់​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​សហការ​ជាមួយ​ការស៊ើបអង្កេត​អន្តរជាតិ​។​

គួរបញ្ជាក់​ជាថ្មី​ថា ក្មេងៗ​ទាំងនោះ​កំពុងធ្វើដំណើរ​តាម​រថយន្តក្រុង​មួយគ្រឿង​នៅពេល​ត្រូវ​រង​ការវាយប្រហារ​នៅ​ផ្សារ​មួយ​ក្នុង​ទីក្រុង Dahyan នៃ​ខេត្ត Saada​។​

អង្គការ​សង្គ្រោះ​កុមារ Save the Children បាន​និយាយថា កុមារ​ទាំងនោះ​កំពុងធ្វើដំណើរ​ត្រឡប់​មកពី​សាលារៀន​វិញ​នៅពេលដែល​អ្នកបើករថយន្ត​ក្រុង​ឈប់​ដើម្បី​ទិញ​ភេសជ្ជៈ​។ រថយន្តក្រុង​ឈប់​នៅ​ចំណត​នៅពេល​ការវាយប្រហារ​កើតឡើង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu