Ad Code

UN ​៖ ​ជនជាតិ​អ៊ុយ​ហ្គ័​រ​មួយ​លាន​នាក់​ ត្រូវ​ឃុំឃាំង​ក្នុង​ជំរំ​នយោបាយ​របស់​ចិន



គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ឮ​ថា មាន​របាយការណ៍​គួរ​ឲ្យ​ទុកចិត្ត​ដែលថា ប្រទេស​ចិន​កំពុង​ឃុំខ្លួន​ជនជាតិ​អ៊ុយ​ហ្គ័​រ​ចំនួន​មួយ​លាន​នាក់​នៅក្នុង “​មណ្ឌល​ប្រឆាំង​ភាពជ្រុលនិយម​”​។​

លោកស្រី Gay McDougall សមាជិក​នៃ​គណកម្មាធិការ​អង្គការសហប្រជាជាតិ​ស្តីពី​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍​បានលើកឡើង​នូវ​ការអះអាង​នេះ​នៅក្នុង​កិច្ចប្រជុំ​ពីរ​ថ្ងៃ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ប្រទេស​ចិន​។​

លោកស្រី​បាន​និយាយថា លោកស្រី​មានការ​ព្រួយបារម្ភ​ចំពោះ​របាយការណ៍​ដែលថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រែក្លាយ​តំបន់​ស្វយ័ត​អ៊ុយ​ហ្គ័​រ​ឲ្យ​ក្លាយទៅជា​អ្វីដែល​ប្រហាក់ប្រហែល​នឹង​ជំរំ​ឃុំឃាំង​ដ៏​ធំ​មួយ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ចិន​មិនបាន​ឆ្លើយតប​ភ្លាមៗ​នោះទេ​។​
​គណប្រតិភូ​មាន​គ្នា​ចំនួន​៥០​រូប​របស់​គណកម្មាធិកា​រ​នេះ​បាន​និយាយថា ខ្លួន​នឹង​ឆ្លើយ​សំណួរ​នៅ​ថ្ងៃ​ចន្ទ​នៅពេល​សម័យប្រជុំ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​នៅតែ​បន្ត​។​

កាលពីមុន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្លាប់បាន​បដិសេធថា គ្មាន​ជំរំ​បែបនេះ​ទេ​។​
​អ៊ុយ​ហ្គ័​រ​គឺជា​ជនជាតិភាគតិច​មូស្លីម​ដែល​ភាគច្រើន​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស៊ីន​ជាំ​ង​របស់​ប្រទេស​ចិន​។ ពួកគេ​មាន​ប្រហែល​៤៥​ភាគរយ​ក្នុងចំណោម​ប្រជាជន​នៅ​ទីនោះ​។​

តំបន់​ស៊ីន​ជាំ​ង​ត្រូវ​បានកំណត់​ជា​ផ្លូវការ​ថា​ជា​តំបន់​ស្វយ័ត​នៅក្នុង​ប្រទេស​ចិន​ដូចជា​តំបន់​ទី​បេ​ដែរ​នៅ​ភាគខាងត្បូង​។​

របាយការណ៍​ដែលថា ជនជាតិ​អ៊ុយ​ហ្គ័​រ​និង​ជនជាតិភាគតិច​មូស្លីម​កាន់តែច្រើន​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ខេត្ត​ស៊ីន​ជាំ​ង​គឺ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។​

ក្រុម​សិ​ទិ្ធ​មនុស្ស​រួមទាំង​អង្គការ​លើកលែងទោស​អន្តរជាតិ​និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​បញ្ជូនរ​បាយ​ការណ៍​នានា​ទៅ​គណកម្មាធិការ​អង្គការសហប្រជាជាតិ​ដែល​ចងក្រង​ឯកសារ​ស្តីអំពី​ការអះអាង​នៃ​ការ​ដាក់គុក​ជាច្រើន​នៅក្នុង​ជំរំ​ដែល​អ្នកទោស​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ស្បថ​អំពី​ភក្ដីភាព​ចំពោះ​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ភីង​។​
​អង្គការ World Uyghur Congress បាន​និយាយ​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​ថា អ្នក​ជាប់ឃុំ​ត្រូវបាន​ឃុំឃាំង​ដោយ​គ្មាន​ពេល​កំណត់ ដោយ​គ្មាន​ការចោទប្រកាន់​និង​បង្ខំ​ឲ្យ​ស្រែក​ពាក្យស្លោក​របស់​គណបក្ស​កុម្មុយនីស្ត​។​

អង្គការ​នេះ​បាន​អះអាងថា អ្នកទោស​ភាគច្រើន​មិនដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ទេ​ហើយក៏​មិន​ទទួលបាន​តំណាង​ផ្នែក​ច្បាប់​ដែរ​។​

ប្រទេស​ចិន​ត្រូវបាន​គេ​និយាយថា​បាន​អនុវត្ត​ការឃុំ​ឃាំង​នៅក្រោម​ការ​ក្លែងបន្លំ​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ភាពជ្រុលនិយម​សាសនា​។​
​យ៉ាងណាក្តី រដ្ឋាភិបាល​ចិន​បាន​បដិសេធថា​គ្មាន​ជំរំ​ទាំងនេះ​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu