ស្ទឹងត្រែង ៖ ក្នុងពិធីចុះសួរសុខទុក និងនាំអំណោយផ្តល់ជូនប្រជាពលរដ្ឋ ១០៧ គ្រួសារ នៅ ឃុំកោះស្នែង ស្រុកថ្នាក់បរិវ៉ាត ខេត្តស្ទឹងត្រែង នារសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង បានក្រើនរំលឹកបន្ថែមដល់ប្រជាពលរដ្ឋឱ្យបង្កើនការថែរក្សាសុខភាព បង្ការកុំឱ្យកើតមានជំងឺឆ្លង ក្នុងពេលទឹកជំនន់បានលិចផ្ទះសំបែងមកនៅទីកន្លែង មករស់នៅតាមទីទួលសុវត្ថិភាព។
លោកស្រី សន សុខា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានផ្តាំផ្ញើពីការក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋនៅលើឃុំនេះត្រូវព្យាយាមអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ដើម្បីបង្ការកុំឲ្យកើតមានជំងឺឆ្លងដោយសារការរស់នៅគ្មានអនាម័យ។
លោកស្រីបន្ថែមថាៈ ការរស់នៅស្អាតបានជួយយើងការពារកុំឱ្យ កើតមានជំងឺដូចជា ការរាករួស- ជំងឺ គ្រុនចាញ់ -គ្រុនឈាម- ឬគ្រុនពោះវៀនជាដើម ។ល។
លោកដួងលាងមេឃុំកោះស្នែង បានបញ្ជាក់ថាៈ ការងារអប់រំសុខភាពនេះ អាជ្ញាធរភូមិ ឃុំនេះតែងតែបានដាស់តឿនបងប្អូនប្រជាពលរដ្ឋយើងជារឿយៗ រស់នៅត្រូវថែរក្សាសុខភាពជាប្រចាំ មិនថាពេលមានទឹកលិចនោះទេ។
លោកបន្ថែមថាៈ នៅឃុំកោះស្នែងប្រជាពលរដ្ឋយើងដែលរងផលប៉ះពាល់ពីទឹកជំនន់នេះ ចំនួន១០៥គ្រួសារ លិចផ្ទះសំបែង ផលដំណាំ ឈើហូបផ្លែ និងស្រូវស្រែចំការ ជិត១០០ហិកតា និងជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅទីទួលមានសុវត្តិភាពផងដែរ។
លោក សន ដន ប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់នេះ បានបញ្ជាក់ថា ៖ ស្ថានភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាថែរក្សាសុវត្ថិភាពគ្រប់យ៉ាង ដូចជាការបរិភោគទឹកឆ្អិន ដេកដាក់មុង ការពារសត្វមានពិសទិចឬខាំ និងការពារកូនចៅមិនឲ្យលេងទឹកផ្ដេសផ្ដាសជាដើម៕
Source: Kampuchea Thmey Daily
0 Comments