Ad Code

លី​គ​កំពូល​កម្ពុជា ​៖ ​អគ្គីសនី​កម្ពុជា​ទទួល​ភ្នំពេញ​ក្រោ​ន ហើយ​សូល​ទី​ឡូ​អង្គរ ប៉ះ​ទ័ព និង​បឹងកេត​ជួប​វិសាខា



ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា ​ត្រូវ​ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន ហើយ​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ក្រសួងការពារជាតិ (​ទ័ព​) និង​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ជួប​ក្រុម​វិសាខា នៅក្នុង​សប្ដាហ៍​ទី​១៧ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​១២ ខែសីហា ឆ្នាំ​២០១៨។

*​អគ្គីសនី​កម្ពុជា ប៉ះ​ភ្នំពេញ​ក្រោ​ន​
ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា ត្រូវ​ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC​។ ក្រុម​អគ្គីសនី​កម្ពុជា មិនទាន់​គេចផុត​ពី​តំបន់​បាត​តារាង​នៅឡើយ​នោះទេ ក្រោយ​ប្រកួត​ឈ្នះ​បាន​១​លើក ស្មើគ្នា​២​លើក និង​ចាញ់​១៣​លើក​ក្នុង​ប្រកួត​កន្លងមក​។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​របស់​ក្រុម​នេះ​បានដាក់​គោលដៅ​រក្សាខ្លួន​ឲ្យ​ល្អ និង ប្រឹង​ដើម្បី​បាន​ចំណាត់​ល្អ​ជាង​រដូវ​កាល​ចាស់ នៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ខណៈ​ក្រុម​នេះ​ទើបតែ​ខកចិត្ត​ក្រោយ​ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

ក្រុម​ភ្នំពេញ​ក្រោ​ន ក្រោម​ការដឹកនាំ​របស់​លោក Sean Sainsbury ជា​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស សំបូរ​ទៅដោយ​កីឡាករ​វ័យក្មេង​ច្រើន​អមដោយ​កីឡាករ​បរទេស​ដែលមាន​សមត្ថភាព​។ ក្រុម​នេះ​អស់​ឱកាស​ក្នុងការ​ប្រជែង​យកពាន​នៅ​រដូវ​កាល​នេះហើយ​។ ប្រកួត​បាន​១៦​លើក​មកនេះ​ភ្នំពេញ​ក្រោ​ន ឈរ​ចំណាត់ថ្នាក់​លេខ​៦ មាន​២៤​ពិន្ទុ​ក្រោយ​ឈ្នះ​បាន​៧​លើក ស្មើ​៣​លើក និង​ចាញ់​៦​លើក​។​

*​សូល​ទី​ឡូ​អង្គរ ប៉ះ​ក្រសួងការពារជាតិ​

ក្រុម​សូល​ទី​ឡូ​អង្គរ ត្រូវ​ប៉ះ​ក្រុម​ក្រសួងការពារជាតិ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។ ក្រុម​សូល​ទី​ឡូ​អង្គរ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Yuki Matsuda កំពុងតែ​ត្រូវការ​ពិន្ទុ​គេច​ឱ្យ​ផុតពី​តំបន់​គ្រោះថ្នាក់។ គ្រូបង្វឹក​រូបនេះ​ទើបតែ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​បាល់ទាត់​កម្រិត AFC A License នៅ​ប្រទេស​សិង្ហ​បុរី កាលពីដើមឆ្នាំ​។ ១៦​ប្រកួត​កន្លងមក​ក្រុម​សូល​ទី​ឡូ​អង្គរ ឈ្នះ​បាន​៤​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​ដល់​ទៅ​៩​លើក​។​

កីឡាករ​របួស​និង​កីឡាករ​មួយចំនួន​ចាកចេញ​ជា​បញ្ហា​ប្រឈម​របស់​ក្រុម​ក្រសួងការពារជាតិ នាពេល​បច្ចុប្បន្ន​។ ក្នុង​ជើង​ទី​២​នេះ​ក្លិប​បាន​បន្ថែម​កីឡាករ​សំខាន់ៗ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការ​របូត​ពិន្ទុ​ពី​ដៃ ខណៈ​ក្រុម​នេះ​នៅសល់​ឱកាស​ប្រជែង​កំពូល​តារាង​នៅឡើយ​។ ងាក​ទៅ​មើល​១៦​ប្រកួត​មកនេះ​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​បាន​១១​លើក ស្មើ​១​លើក​និង​ចាញ់​៤​លើក ឈរ​លេខ​៤ បណ្តោះអាសន្ន​។​

*​បឹងកេត ប៉ះ​វិសាខា​
ក្រុមបាល់ទាត់​បឹងកេត ត្រូវ​ប៉ះ​ក្រុម​វិសាខា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។ ក្រុម​បឹងកេត កំពុងតែ​ឈរ​កំពូល​តារាង ក្រោយ​ឆ្លងកាត់​១៦​ប្រកួត​មកនេះ​ឈ្នះ​រហូតដល់​១២​ប្រកួត ស្មើគ្នា​៣​ប្រកួត​និង​ចាញ់​១​ប្រកួត​មាន​៣៩​ពិន្ទុ​។ លោក ហៅ សុជាតិ ដែលជា​គ្រូបង្វឹក​កំពុងតែ​ឈឺក្បាល​រឿង​កីឡាករ​សំខាន់​មួយចំនួន​ដែល​ចាកចេញ ប៉ុន្តែ​លោក​បាន​នាំយក​កីឡាករ​សំខាន់ៗ​មក​ប៉ះប៉ូវ​វិញ​ដើម្បី​រក្សា​កៅអី​កំពូល​តារាង​។ មិនតែប៉ុណ្ណោះ​លោក​បាន​សម្លឹង​ឃើញ​ក្រុម​ណាហ្គា​វើ​ល និង​វិសាខា ជា​គូប្រជែង​មិនអាច​មើលរំលង​បាន​ក្នុង​ការដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ​។​

ចំណែក​ក្រុម​វិសាខា វិញ កំពុងតែ​ត្រូវការ​ពិន្ទុ​ជាខ្លាំង​ដើម្បី​ប្រជែង​នៅ​តំបន់​កំពូល​តារាង​ក្រោយ​ប្រកួត​បាន​១៦​លើក​ឈ្នះ​បាន​១២​លើក ស្មើគ្នា​បាន​២​លើក​និង​ចាញ់​២​លើក​មាន​៣៨​ពិន្ទុ និង​កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ទាំង​១២​។ លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​របស់​វិសាខា បាន​រំពឹងថា​កូនក្រុម​អាច​បន្ត​ជ័យជម្នះ​ថែមទៀត​ដើម្បី​ដណ្តើម​កៅអី​កំពូល​តារាង​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu