បាត់ដំបង ៖ បើយោងតាមការអះអាងពីក្រុមសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជំទប់ទី២ នៃសាលាឃុំបឹងរាំង ម្នាក់ បានស្លាប់ដោយសាររោគគាំងបេះដូង មុនពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជំទប់រូបនេះ បានផឹកស៊ីជាញឹកញាប់ទាំងមានអការៈមិនសូវស្រួលក្នុងខ្លួន ហើយនៅចុងក្រោយនេះ គេបានផឹកស៊ីមួយយប់ទល់ភ្លឺ ដែលបណ្តាលអោយក្អួតស្ទះផ្លូវដង្ហើម លែងដឹងខ្លួនតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង ២០ នាទី ព្រឹក ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជន រងគ្រោះមាន ឈ្មោះ ជៀន សំផូត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងចំណុចកើតហេតុខាងលើ និងមាននាទី ជាជំទប់ទី២ នៃសាលា ឃុំបឹងរាំង។
តាមការសាកសួរពីសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងសមត្ថកិច្ចជំនាញ ដែលបានចុះទៅពិនិត្យសព បានអោយដឹងថា ជនរងគ្រោះរូបនេះគឺចូលចិត្តសេពគ្រឿងស្រវឹងជាប្រចាំ ហើយកាលពីថ្ងៃទី៨ ខែសីហា កន្លងទៅថ្មីៗនេះ គេបានប្រមូលផ្តុំគ្នាដុតគោ និងផឹកស៊ីយ៉ាងសប្បាយខ្ញៀវខ្ញារផងដែរ ប៉ុនរាល់ការផឹកស៊ី ជនរងគ្រោះតែងតែពោលថា ដូចជាមិនសូវស្រួលខ្លួនទាល់តែសោះ។
ប្រភពដដែលបានបន្ថែមថា លុះពេលល្ងាចមុនថ្ងៃកើតហេតុ គេបានផឹកពេញមួយល្ងាចរហូតប្រមាណជាម៉ោង ៨ យប់ គេក៏បានបន្តចូលផឹកស៊ីបន្ថែមនៅក្នុងខារ៉ាអូខេ មួយកន្លែងដោយសារតែអំណាចនៃជាតិសុរា ច្រើនពេក ទើបនៅពេលកំពុងផឹកស្រាប់តែជនរងគ្រោះបានរត់ចេញក្រៅបន្ទប់ដើម្បីក្អួត ហើយក៏លែងដឹងខ្លួនតែម្តង ទើបត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសល ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់តាំងពីមិនទាន់មដល់មន្ទីរពេទ្យម្ល៉េះ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងកម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ ខេត្ត បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង។ ដោយសារជនរងគ្រោះមិនស្រួលខ្លួនជាច្រើនថ្ងៃ ហើយនៅតែបន្តផឹកស្រាជាបន្តបន្ទាប់រហូតមក ទើបបណ្តាលអោយគាំងបេះដូងស្លាប់។ បច្ចុប្បន្នសព ត្រូវបានកម្លាំងជំនាញធ្វើការប្រគល់ទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕
Source: Kampuchea Thmey Daily
0 Comments