ភ្នំពេញ ៖ នៅវេលាម៉ោង ៧និង ៣០ព្រឹកថ្ងៃទី ២៣ ខែសីហា នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញចុះជួប សំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន ១៧.៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន ១២ នៅក្នុងខេត្តកណ្តាល ដែលធ្វើ ឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ជំនួបនៅថ្ងៃនេះ គឺជាការអបអរសាទរខួបមួយឆ្នាំនៃការអញ្ជើញចុះជួបកម្មករ កម្មការិនីរបស់ សម្តេចតេជោ ហ៊ុន សែន រយៈពេលមួយឆ្នាំ ដែលបានចាប់ផ្តើមពីថ្ងៃទី ២០ សីហា ២០១៧ ។ សម្តេច តេជោ ហ៊ុន សែន ជួបកម្មករ កម្មការិនី ៥៤ លើក ហើយមានកម្មករ កម្មការិនីសរុបជាង ៧៥ម៉ឺននាក់ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១២នេះ មានទីតាំងស្ថិតនៅស្រុកកៀនស្វាយចំនួន១០ នៅស្រុកលើកដែកចំនួន១ និងស្រុកស្អាងចំនួន១។ រោងចក្រ សហគ្រាសទាំងនេះ វិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន១ និងវិនិយោគដោយជនជាតិវៀតណាមចំនួន១។ រោងចក្រ សហគ្រាសទាំង១២នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៦, ផលិតស្រោមដៃស្គីទឹកកកចំនួន១, តម្បាញ១, ផុងសម្លៀកបំពាក់ចំនួន១, ផលិតបរិក្ខារពេទ្យធ្មេញចំនួន១, ផលិតជីកសិកម្មចំនួន១ និងបោកគក់ចំនួន១។
បើតាមលោករដ្ឋមន្ត្រី អ៊ិត សំហេង បច្ចុប្បន្នខេត្ត កណ្តាលមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៦៤ មានកម្មករ និយោជិតចំនួន ១៥៥.១៣៨ នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៧២ លានដុល្លារ។ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៧០ មានកម្មករនិយោជិតចំនួន ១៣៧.៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣៣០ លានដុល្លារក្នុងមួយឆ្នាំ។ លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា នៅក្នុងខែមិថុនា កន្លងទៅនេះ មានរោងចក្របើកថ្មីចំនួន២ ដែលផ្តល់ការងារចំនួន ៣.៣៤១នាក់។
តាមរយៈដំណើរចុះជួបសំណេះសំណាលជាបន្តបន្ទាប់នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនី ហើយក៏ធ្វើឲ្យមានសុខដុមនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments