Ad Code

មន្ត្រី​កាំកុងត្រូល​ខេត្ត​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ ដុត​កម្ទេច​ទំនិញ​ខូចគុណភាព​ចម្រុះ​ចំនួន​១០៣៣​គីឡូក្រាម



បន្ទាយមានជ័យ ​៖​ សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ​បាន​ដុត​បំផ្លាញ​ចោល​ទំនិញ​ខូចគុណភាព​ចម្រុះ​ចំនួន​១០៣៣​គីឡូក្រាម​ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា​ ឆ្នាំ​២០១៨ នៅក្នុង​សង្កាត់ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធី​នេះ ​​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​លី សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ស៊ុំ ណា​រុន​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល មន្ត្រី​គយ នគរបាល មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត​ចូលរួម​ផង​ដែរ។



លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ទំនិញ​ខូចគុណភាព​ចម្រុះ​ចំនួន​១០៣៣​គីឡូក្រាម​ទាំងនេះ​ គឺ​យើង​ធ្វើការ​ដកហូត​បាន​នៅ​តាម​សាលារៀន តាម​ផ្សារ​នានា​នៅក្នុង​ខេត្តបន្ទាយមានជ័យ​អំឡុង​ខែ​៧​ដើមឆ្នាំ​២០១៨​ ក្រោម​កិច្ចសហការ​របស់​​មន្ត្រី សាខា​កាំកុងត្រូល ​​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ដោយ​ធ្វើ​ការ​ត្រួតពិនិត្យ​ឆែកឆេរ​ និង រក​ឃើញ​ទៅលើ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ និង​នៅ​តាម​ផ្ទះ​ ហើយ​បាន​ធ្វើ​ការអប់រំ​និង​ប្រមូល​យក​មក​រក្សាទុក​ និង​បាន​យក​ដុត​កម្ទេច​នៅ​ពេលនេះ។



ផលិតផល​ម្ហូប​អាហារ​ខូចគុណភាព​ទាំងនេះ​ មិន​មាន​គុណភាព អនាម័យ និង​សុវត្ថិភាព​សម្រាប់​មនុស្ស​យក​ទៅ​បរិភោគ​បាន​ឡើយ​ និង ​គ្មាន​អនុលោម​ភាព​តាមច្បាប់​ស្តី​ពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ ​និង​ សេវា​ ទើប​សមត្ថកិច្ច​កាំកុងត្រូល​យក​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​ទាំងនេះ​ ទៅ​ដុត​កម្ទេច​ចោល។



លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​អំណរគុណ​ដល់​សមត្ថកិច្ច​ ដែល​នាំគ្នា​យកចិត្តទុកដាក់ ​ចំពោះ​សុវត្ថិភាព​សុខភាព​ម្ហូបអាហារ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក៏​ដូច​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ផង​ដែរ។

លោក លី សារី បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​ជំនាញ​ទាំងអស់​ជួយ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។ លោក ស៊ុំ ណា​រុន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ឲ្យ​មន្ត្រី​ជំនាញ​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​ទីផ្សារ​យ៉ាងហោចណាស់​១​ត្រីមាស​បាន​២​ដង ដើម្បី​បង្ការ​ទប់ស្កាត់​ទំនិញ​មាន​ហានិភ័យ​បង្ក​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​នោះ​។



សូម​បញ្ជាក់​ថា​ ការ​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ផលិតផល​ម្ហូបអាហារ​នៅលើ​ទីផ្សារ​ក្នុង​ខេត្ត​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើ​តេ​ស្ត​រក​សារធាតុ​គីមី​បូរ៉ា​ក់​ទៅលើ​សរសៃ​គុយទាវ និង ចាហួយខ្មៅ ដែល​ផ្ទុក​សារធាតុ​គីមី​បូរ៉ា​ក់​ជាប្រចាំ​ផង​ដែរ​តែ​មិន​សូវ​មាន​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu