Ad Code

ក្រសួង​ជូនដំណឹង​ឥទ្ធិពល​ព្យុះ​ថ្មី​ទី​១៦​ បង្ក​ឲ្យ​មាន​ភ្លៀង​ច្រើន ​នៅ​តំបន់​មាត់សមុទ្រ​ប្រទេស​កម្ពុជា



ភ្នំពេញ ​៖ ​ព្យុះ​ថ្មី​មួយទៀត​គឺ​ព្យុះ​ទី​១៦​មាន​ឈ្មោះថា​បេ​ប៉ី​ន​កា​(​BEBINCA​) ​​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ​នៅ​តំបន់​ទន្លេមេគង្គ​នៅ​ថ្ងៃទី​១៧​និង​ថ្ងៃទី​១៨​ ខែសីហា ​ឆ្នាំ​២០១៨ ​ចំណែក​នៅ​តំបន់​មាត់សមុទ្រ​ប្រទេស​កម្ពុជា ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ផង​ដែរ​។

នេះ​បើ​យោង​តាម​សេចក្តី​ជូន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។ យោង​តាម​សេចក្តី​ជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ចុះ​ថ្ងៃទី​១៣ ​ខែសីហា​ ឆ្នាំ​២០១៨ ​បាន​បង្ហាញថា នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ​២០១៨ ​វិសម្ពាធ​ដែល​កំពុង​ស្ថិត​នៅ​ក្បែរ​តំបន់ឆ្នេរ​ភាគ​ខាងត្បូង​ប្រទេស​ចិន​បាន​វិវត្ត​ខ្លួន​ទៅជា​ព្យុះ​ទី​១៦​ឈ្មោះ​បេ​ប៉ី​ន​កា​(​BEBINCA​)​។



ក្រសួង​បញ្ជាក់​ថា​ ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​មកដល់​ភាគ​ខាងជើង​ប្រទេស​វៀតណាម ​នៅ​ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០១៨​។ បន្ទាប់ពី​ព្យុះ​នេះ​អស់​ឥទ្ធិពល​នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​កើតឡើង​ហើយ​អូស​កាត់​ពីលើ​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ​។



សេចក្តី​ជូន​ដំណឹង​រប​ស់​ក្រសួង​ធនធានទឹក ​និង ​ឧតុនិយម​ បង្ហាញថា​ យោង​តាម​ការ​ព្យាករណ៍​លក្ខណៈ​បែបនេះ​ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ស្ថានភាព​ដូច​ខាង​ក្រោម ១-​តំបន់​មាត់សមុទ្រ​ពិសេស​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​នឹង​មាន​ភ្លៀង​បន្ត​ធ្លាក់​ច្រើន។ លើ​ផ្ទៃសមុទ្រ​មាន​ភ្លៀង​និង​ខ្យល់​បក់បោក​ខ្លាំង​និង​មាន​រលក​ខ្ពស់ៗ​។ ​២-​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។​ ៣-​បណ្តា​រាជធានី​-​ខេត្ត​ដទៃទៀត​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។​ ៤-​តំបន់​អាង​ទន្លេមេគង្គ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ចាប់ពី​ថ្ងៃទី​១៧-១៨​ខែសីហា​និង​ជាពិសេស​បន្ទាប់ពី​ព្យុះ​អស់​ឥទ្ធិពល​។



ក្រសួង​ធនធានទឹក​ និង ​ឧតុនិយម​ បាន​ប្រកាស​អំពាវនាវ​ដល់​សាធារណជន​ពិសេស​បងប្អូន​ប្រជា​នេសាទ​និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន ​និង ​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ​ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត​ក្នុងករណី​ចាំបាច់​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu