Ad Code

ក្លិប​Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន ឈ្នះ​២​ប្រកួត​ជាប់​គ្នា​ក្នុង​ពានរង្វាន់ 2018 Malaysia Cup



កីឡាករ ធា​រី ចន្ថា​ប៊ី​ន របស់​កម្ពុជា ជា​កីឡាករ​តែ​១​រូប​គត់​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Teregganu FA សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) រដូវ​កាល​ឆ្នាំ​២០១៨ ​ខណៈ​ក្រុម​មួយ​នេះ​រកបាន​ជ័យជម្នះ​២​ប្រកួត​ជាប់ៗ​គ្នា​ក្នុង​ពានរង្វាន់ 2018 Malaysia Cup​។



ពានរង្វាន់ 2018 Malaysia Cup មាន​ក្រុម​ចំនួន​១៦​ឡើងទៅ​វគ្គ​ចែក​ពូ​ល​ដែលមាន​៤​ពូ​ល​។ ចំពោះ​ពូ​ល A មាន​ក្រុម Terengganu, Kuala Lumpur, Perak, Felcra ហើយ​ពូ​ល B មាន Felda United, Melaka Unite, PDRM ពូ​ល C មាន MISC-MIFA, Jorhor, Kelantan, Kedah និង​ពូ​ល D មាន Pahang, Sadah, PKNP, Selangor​។ ក្រុម​ខ្លាំង​តាម​ពូ​ល​ចំនួន​២​ក្រុម​នឹងមាន​ឈ្មោះ​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​និង​បន្ត​ប្រកួត​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។



ចំពោះ​២​ប្រកួត​កន្លងមក​រប​ស់​ក្រុម Teregganu របស់ ធា​រី ចន្ថា​ប៊ី​ន វិញ​បាន​ប្រកួត​ឈ្នះ​លើក​ជាប់​គ្នា​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​ដោយ​លើក​ទី​១​បាន​យកឈ្នះ​លើ​ក្រុម​Kuala Lumpur ៥​ទល់​១ កាលពី​ថ្ងៃទី​៤ ខែសីហា ហើយ​បន្ត​ឈ្នះ​ក្រុម Perak ៤​ទល់​៣ ជា​បន្តទៀត​។ សម្រាប់​ប្រកួត​ជម្រុះ​តាម​ពូ​ល​ជា​បន្ត​គឺ​ក្រុម​នេះ​ត្រូវ​ប៉ះ​ក្រុម Felcra នៅ​ថ្ងៃទី​១៨ ខែសីហា ជា​បន្ត​លើ​ទីលាន​កីឡដ្ឋាន Sultan Ismail Nasiruddin Shah Stadium ក្នុង​ទីក្រុង​Kuala Terengganu​។



​ចំណែក​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី វិញ​មាន​ក្រុម​សរុប​ចំនួន​១២​ក្រុម​ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំងអស់​ប៉ះគ្នា​ចំនួន​២​លើក (២​ជុំ​) ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើនជាងគេ​នៅ​ចប់​រដូវ​កាល​នឹង​ឈ្នះ​ជើងឯក​ព្រមទាំង​ទទួល​កៅអី​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់ AFC Champion League 2019 ផងដែរ​។ តាម​គម្រោងការ​ប្រកួត​នឹង​បញ្ចប់​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ មុន​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​នេះ​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018​។



សូមបញ្ជាក់ថា​ កម្ពុជា មាន​កីឡាករ​ឆ្នើមៗ​ចំនួន​៤​រូប​ចេញទៅ​ប្រកប​អាជីព​នៅ​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៨ នេះ​ដោយ​ក្នុងនោះ​មាន​កែវ សុខ​ផេង លេង​នៅ​ក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​Terengganu FC និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម លេង​នៅ​ក្លិប​Negeri Sembilan​។ ក្នុងចំណោម​អ្នក​ទាំង​៤​មានតែ​កីឡាករ កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​បាន​មុនគេ​។ ប៉ុន្តែ​ពេលនេះ កែវ សុខ​ផេង ប្រាក់ មុន្នី​ឧ​ត្ត​ម និង ចាន់ វឌ្ឍនាកា ត្រូវបាន​ក្លិប​ដកចេញ​ពី​បញ្ជី​ក្នុង​ក្រុម ដោយ​នៅសល់តែ ធា​រី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu