Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ចូលរួម​ក្នុង​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​កំពុង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក KrasaeChanawongse ប្រធាន​មជ្ឈមណ្ឌល​បង្ការ​ត្រៀម​គ្រោះមហន្តរាយ​អាស៊ី ចូលជួប​សំដែង​ការ​គួរសម​ និង ​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៨ នៅ វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី។ នៅក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ​កម្ពុជា​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ចូលរួម​ក្នុង មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី។

លោក អ៊ាង សុ​ផល្លែ​ក ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​ នៅ​ក្នុង​ជំនួប​នោះ​លោក KrasaeChanawongse បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​រៀប ចំការ បោះឆ្នោត​កន្លងមក​បាន​យ៉ាង​ល្អឥតខ្ចោះ​និង​ទទួលបាន​ជោគជ័យ​ទៀតផង​។



លោក KrasaeChanawongse​ បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​បាន​រៀប​ចំ​ការបោះឆ្នោត​កាលពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ដែល​ដំណើរ ការ​ទៅ​បាន​យ៉ាង​ល្អឥតខ្ចោះ និង ទទួលបាន​ជោគជ័យ។ ក្នុង​ឱកាស​នោះ​លោក​ក៏បាន​បញ្ជាក់​ពី​គោលបំណង​របស់​លោក​ក្នុង​ការ​ចងក្រង​សៀវភៅ ពាក់ព័ន្ធ​នឹង​ប្រវត្តិ​របស់​សម្តេច​តេ​ជោ និង ក៏បាន​រាយការណ៍​ជូន​សម្តេច​អំពី​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី និង​បាន​ប្រកាស​ជូន​អាហារូបករណ៍​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ព្រមទាំង​បាន​ជម្រាប​ជូន​ពី​បំណង​ក្នុង​ការបង្កើត​សាខា​សាកល​វិទ្យា​របស់លោក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​។

​ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ចាន់ណា​វង្ស​ដែល​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង បាន​អបអរសាទរ​ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​កន្លងទៅ​។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​លោក ចាន់ណា​វង្ស ដែល​បាន​យក ចិត្ត​ទុកដាក់​ចងក្រង​អំពី​ប្រវត្តិ​របស់​សម្តេច ហើយ​ក៏បាន​ជម្រាបជូន​លោក ចាន់ណា​វង្ស អំពី​ការត្រៀម​របស់​កម្ពុជា​ក្នុងនាម​ជា​សមាជិក របស់​ម​ជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី​នោះ​គឺ​សភា​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ណ្ណ​ឲ្យ​កម្ពុជា​ចូលរួម​ជា​សមាជិក​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្ត រាយ​អាស៊ី។ កម្ពុជា​ក៏​មាន​គណៈកម្មាធិការ​បង្ការ​គ្រោះមហន្តរាយ​ផង​ដែរ ដែល​យន្តការ​នេះ​អាច​ទៅជា​ផ្នែក​មួយ​សម្រាប់​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ មហន្តរាយ​អាស៊ី​នេះ​។ ជារួម​កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងនាម​ជា​សមាជិក​របស់​គណៈកម្មាធិការ​នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ អាស៊ី​។

ដោយឡែក​ចំពោះ​ការ​ផ្តល់​អាហារូបករណ៍​ចំនួន ១០ កន្លែង​ដល់​សម្រាប់​ទៅ​ធ្វើ​ការសិក្សា​នៅ​ប្រទេស​ថៃ​នោះ សម្តេច​តេ​ជោ​បាន​អរគុណ ចំពោះ​លោក ចាន់ណា​វង្ស ផងដែរ​ថា ​នេះ​គឺជា​កត្តា​សំខាន់​ចំពោះ​កម្ពុជា​ព្រោះ​កម្ពុជា​កន្លងមក​ទទួល​បាន​ជោគជ័យ ដោយសារតែ​ការបណ្តុះបណ្តាល លើ​ធនធានមនុស្ស​បាន​ល្អៗ​នេះឯង​។ ពាក់ព័ន្ធ​នឹង​ការបង្កើត​សាខា​សាកលវិទ្យាល័យ​របស់​លោក ចាន់ណា​វង្ស នៅក្នុង​ប្រទេស​កម្ពុជា​នោះ​សម្តេច បាន​ស្វាគមន៍​ចំពោះ​ការបង្កើត​សាកលវិទ្យាល័យ ថៃ​ហ្គ័​រ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu