ក្រុមបឹងកេត នៅតែរក្សាកៅអីកំពូលតារាងខណៈវេស្ទើន នៅតែមិនទាន់គេចផុតពីបាតតារាងគិតត្រឹមសប្ដាហ៍ទី១៧ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សរុបលទ្ធផលប្រចាំសប្ដាហ៍ទី១៧ មាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ក្រុមអង្គរថាយហ្គឺរ ឈ្នះក្រុមក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣ទល់១ លើទីលានកីឡដ្ឋានខេត្តសៀមរាប ហើយក្រុមវេស្ទើនភ្នំពេញ ចាញ់ក្រុមណាហ្គាវើល ៣ទល់០លើទីលានកីឡដ្ឋានវេស្ទើននិងក្រុមព្រះខ័នរាជស្វាយរៀង ចាញ់ក្រុមអាស៊ីអឺរ៉ុប៦ទល់១ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង។ ចំណែកនៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ វិញក្រុមសូលទីឡូអង្គរ ស្មើគញនាជាមួយក្រុមក្រសួងការពារជាតិ ២ទល់២ លើទីលានកីឡដ្ឋានខេត្តសៀមរាប ហើយក្រុមបឹងកេត ឈ្នះក្រុមវិសាខា ១ទល់០ លើទីលានពហុកីឡដ្ឋានជាតិ និងក្រុមអគ្គីសនីកម្ពុជា ចាញ់ក្រុមភ្នំពេញក្រោន៤ទល់០ លើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា។
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្នប្រចាំសប្ដាហ៍ទី១៧ នៃពានរង្វាន់លីគកំពូលកម្ពុជា ឃើញថាក្រុមបឹងកេតអែហ្វស៊ី បន្តឡើងឈរកំពូលតារាង មាន៤២ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ ក្រុមណាហ្គាវើល មាន៤១ ក្រុមវិសាខា ឈរលេខ៣ មាន៣៨ពិន្ទុ។ ក្រុមលេខ៤ក្រសួងការពារជាតិ មាន៣៥ពិន្ទុ ខណៈក្រុមលេខ៥ ភ្នំពេញក្រោន មាន២៧ពិន្ទុ ក្រុមលេខ៦ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ មាន២៤ពិន្ទុ លេខ៧ ព្រះខ័នរាជស្វាយរៀង មាន២១ពិន្ទុ។ ក្រុមលេខ៨ អាស៊ីអឺរ៉ុបមាន២១ពិន្ទុ។ ក្រុមលេខ៩អង្គរថាយហ្គឺរ មាន១៩ពិន្ទុ ហើយក្រុមលេខ១០ សូលទីឡូអង្គរ មាន១៦ពិន្ទុ ស្របពេលក្រុមអគ្គីសនីកម្ពុជា ឈរលេខ១១ មាន៥ពិន្ទុ និងក្រុមវេស្ទើនភ្នំពេញ ឈរលេខ១២ មាន១ពិន្ទុ។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕
Source: Kampuchea Thmey Daily
0 Comments