ភ្នំពេញ ៖ នៅឆ្នាំ២០១៨នេះក្រុមហ៊ុនឡាក់គី បឺរហ្គឺរមានគម្រោងពង្រីកសាខាចំនួន៤ទីតាំងបន្ថែមទៀតនៅតាមបណ្តារាជធានីខេត្តដែលមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍រួមមាននៅខេត្តសៀមរាប បាត់ដំបងនិងរាជធានីភ្នំពេញដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ។
លោកហេង ហាំងម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡាក់គី បឺរហ្គឺរបានមានប្រសាសន៍ថាការសម្រេចបើ កសាខាបន្ថែមនេះគឺដោយសារតែប្រទេសកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនមានសុខសន្តិភាពដែលធ្វើឲ្យចំនួនភ្ញៀវទេសចរចូលមកកម្សាន្តប្រទេសកម្ពុជាយ៉ាងច្រើន។ជាងនេះទៅទៀតបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាពិសេសយុវវ័យមានការពេញនិយមចូលចិត្តបរិភោគអាហារបែបអឺរ៉ុបដូចជាបឺរហ្គឺរ ការ៉េមត្រជាក់ៗជាដើមហើយហាងឡាក់គី បឺរហ្គឺរគឺជាជំរើសដ៏ល្អសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។
លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានបន្តទៀតថាដោយមើលឃើញពីកំណើនភ្ញៀវទេសចរនិងការគាំទ្រពីអតិថិជនទើបនៅឆ្នាំ២០១៨នេះក្រុមហ៊ុនបានសម្រេចចិត្តបើកសាខាបន្ថែមទៀតដែលមាន១កន្លែងនៅខេត្តសៀមរាប ១កន្លែងនៅបាត់ដំបងនិង២កន្លែងនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យហាងឡាក់គី បឺរហ្គឺរដែលជាភោជនីដ្ឋានសេវារហ័សកើនឡើងដល់១៤សាខាចាប់តាំងពីបង្កើតឡើងតាំងពីឆ្នាំ១៩៩៦រួមទាំងសាខាហាងឡាក់គី បឺរហ្គឺរឈូកមាសដែលបើកសម្ពោធកាលពីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៨។
លោកហេង ហាំងម៉េងបានបញ្ជាក់ថាសាខាដែលត្រៀមរៀបចំបើកចំនួន៤កន្លែងនេះគ្រោងនឹងចំណាយថវិកាប្រមាណជាងកន្លះលានដុល្លារអាមេរិកដោយក្នុង១ហាងៗត្រូវចំណាយប្រមាណ១៥ម៉ឺនដុល្លារអាមេរិក។
ថ្លែងនៅក្នុងពិធីសម្ពោធហាងឡាក់គី បឺរហ្គឺរឈូកមាសសាខាទី១១នាឱកាសនោះលោក ទី ប៊ីវី(Tee Bee Kwee) នាយកគ្រប់គ្រងទូទៅសាខាហាងឡាក់គី បឺរហ្គឺរឈូកមាសបានប្តេជ្ញាខិតខំផ្តល់សេវាជួនដល់ភ្ញៀវជាតិនិងអន្តរជាតិឲ្យបានល្អស័កសមជាហាងដែលមានភាពល្បីល្បាញមានរស់ជាតិឆ្ងាញ់ សេវាកម្មល្អនិងតម្លៃសមរម្យដើម្បីរក្សាទំនុកចិត្តរបស់អតិថិជនដែលតែងតែគាំទ្រដល់ហាងរបស់យើងតាំងពីដើមរៀងមក។
គួរបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៨នេះក្រុមហ៊ុនឡាក់គី បឺរហ្គឺរបានសម្ពោធសាខាចំនួន២ទីតាំងរួចហើយគឺទី១សាខាហាងឡាក់គី បឺរហ្គឺរ បុរីប៉េងហួតបឹងស្នោដែលបានបើកសម្ពោធកាលពីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៨និងទី២សាខាហាងឡាក់គី បឺរហ្គឺរឈូកមាសដែលបានសម្ពោធកាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments