យុវជនថ្នាលបាល់ទាត់របស់អង្គការផ្កាយសមុទ្រ៨រូបរបស់ប្រទេសកម្ពុជា បានចេញដំណើរឆ្ពោះទៅកាន់ប្រទេសប៊ុលហ្គារី នៅល្ងាចថ្ងៃសុក្រ សប្ដាហ៍នេះដើម្បីចូលរួមកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ SATUC World Cup 2018 ដែលមានរយៈពេល៥ថ្ងៃ។
មុនចេញដំណើរលោក អ៊ឹម សុភ័ក្កមករា ដែលជាអ្នកដឹកនាំក្រុមបានលើកឡើងថា កម្មវិធីប្រកួតបាល់ទាត់លក្ខណៈហ្វូតសាលដែលលេងលើស្មៅធម្មជាតិនេះមានប្រទេសចូលរួមចំនួន១៦ប្រទេស ហើយក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមានតែប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ប៉ុណ្ណោះដែលចូលរួម។
លោកបន្តថាពានរង្វាន់នេះគឺដើម្បីផ្តល់ឱកាសអោយពួកយុវជនដែលស្រលាញ់បាល់ទាត់នៅតាមបណ្តាអង្គការប្រទេសតំបន់អាស៊ី និងអឺរ៉ុបដែលមិនមានឱកាសបញ្ចេញសមត្ថភាពក្នុងកម្មវិធីបាល់ទាត់ធំ ឲ្យពួកទទួលបានឱកាសបញ្ចេញសមត្ថភាពតាមរយៈការប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតពានរង្វាន់មួយនេះ។
ប្រភពបន្តថា តាមរយៈកម្មវិធីមួយនេះបានផ្តល់ឱកាសដល់កុមារកម្ពុជាដែលនៅតាមបណ្តាអង្គការទទួលបានចំណេះដឹងផ្នែកបាល់ទាត់កាន់តែប្រសើរ ហើយទាំងធ្វើអោយពួកគេបានមានឱកាសបញ្ចេញនៅសមត្ថភាព និងបញ្ជាសពួកគេអោយឃ្លាតឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗផងដែរ។
ចំណែកប្រធានក្រុមបាល់ទាត់យុវជនថ្នាលអង្គការផ្កាយសមុទ្របានប្ដេជ្ញាថា ខ្លួន និងមិត្តរួមក្រុមនឹងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរមួយមកកម្ពុជាវិញ ហើយរូបគេ និងមិត្តរួមអះអាងនឹងនាំយកចំណេះដឹងដែលជាបទពិសោធន៍ល្អពីប្រទេសចូលរួមទាំងនោះមកចែករំលែកដល់មិត្តភក្ដិរួមអាជីពនៅកម្ពុជា។
កីឡាករដែលចេញដំណើរទៅប្រកួតមាន គ្រឿង ឆានី,ថោង រតនា,ប៉ិង ខ្វី,ហួន ប៉ុន,ឡាក់ មេត្តា,វង្ស សត្យា,កង ធីកា,ឆាង សុធា។ ចំណែកថ្នាក់ដឹកនាំមានលោក អ៊ឹម សុភ័ក្កមករា និងខេង សុបញ្ញា។ ចំណែកប្រទេសដែលចូលរួមមានប៊ុលហ្គារី,អេហ្ស៊ីប,នីហ្សេរីយ៉ា,ប៉េរ៉ូ,ប៉ាឡេស្ទីន,ប៊ូស្នី,កូឌីវ័រ,ស៊ីរី,អ៊ីរ៉ាក់,មិចស៊ីកូ,កាម៉េរូន,ឥណ្ឌូណេស៊ី,យេម៉ែន,ម៉ូណាកូ,លីប្យី។
សូមបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់SATUC World Cup 2018 ដំណើរការប្រកួតផ្លូវការនៅថ្ងៃ ទី១២ ខែ រហូតដល់ថ្ងៃ ទី១៧ ខែ សីហា ឆ្នាំ២០១៨។ ការប្រកួតនេះមានកីឡាករម្ខាង៥នាក់ដោយប្រើប្រាស់ទីលាននៅខាងក្រៅ ខណៈកីឡាករមកពី១៦ប្រទេសមាន១២៨នាក់៕
Source: Kampuchea Thmey Daily
0 Comments