Ad Code

មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប ថា ប្រធាន​គណបក្ស​យុវជន​កម្ពុជា ប្តឹង​ខុសពេល​វេលា ធ្វើ​ឲ្យ​ការប្រកាស​លទ្ធផល​ផ្លូវការ នឹង​ប្រព្រឹត្តិ​ទៅតាម​ការគ្រោងទុក



ភ្នំពេញ​ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា កាលពី​វេលា​ម៉ោង​ប្រមាណ​៩និង​៣០នាទី​ព្រឹក ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ បាន​យក​បណ្តឹង​ទៅ​ដា​ក់នៅ​ទីស្តីការ គ​.​ជ​.​ប ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​របស់​គ​ណ​បក្ស​យុវជន​កម្ពុជា​ឡើងវិញ ដោយ​សំអាង​ថា លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ប្រកាស​ដោយ គ​.​ជ​.​ប មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​នៅឡើយ គឺ​ធ្វើ​ឲ្យ​បាន​ធ្វើ​ឲ្យ​បាត់​សន្លឹកឆ្នោត​ចំនួន​៨៤ សំឡេង ប៉ុន្តែ​នៅ​វេលា​ម៉ោង​ប្រមាណ​២ និង​៤០​នាទី​រសៀល​ថ្ងៃ​ដដែល លោក ពេជ្រ ស្រស់ បាន​ទៅ​ដក​ពាក្យ​បណ្តឹង​របស់​ខ្លួន​វិញ ក្រោម​ហេតុផល​ថា មិនទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ គឺ​បន្ទាប់ពី​ដក​ពាក្យ​បណ្តឹង​វិញ​ថា លោក​បាន​ដក​ពាក្យ​បណ្តឹង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) វិញ​ហើយ ដោយហេតុថា ក្រោយពី​ក្រុមការងារ​ពិនិត្យ ឃើញថា ពាក្យ​ប្តឹង​មិនទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប បាន​អះអាង​ថា ការ​ប្តឹង​របស់​គណបក្ស​យុវជន​កម្ពុជា ខុសពេល​វេលា ដូច្នេះ​មិនអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ពេល​វេលា​នៃ​ការប្រកាស​លទ្ធផល​ផ្លូវការ​ទេ ដែល​ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ​។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​ង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា “​គាត់​ដក​ពាក្យ​បណ្តឹង​វិញ​ហើយ ប៉ុន្តែ​យ៉ាងណាក៏ដោយ បើ​គាត់​មិនបាន​ដក​វិញ ពាក្យ​បណ្តឹង​របស់​គាត់​មិនមាន​គុណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ទទួល​យក​មក​ដោះស្រាយ​ទេ ពីព្រោះ​សំដៅ​ទៅលើ​លក្ខណៈ​មិន​គ្រប់គ្រាន់​ហ្នឹង គ​.​ជ​.​ប នឹង​ធ្វើ​សេចក្តីសម្រេច គឺ​ធ្វើជា​លិខិត​រដ្ឋបាល​មិន​ទទួលយក​ពាក្យ​បណ្តឹង​មក​ចាត់ការ ដោយ​មូល​ថា ពាក្យ​បណ្តឹង​របស់គាត់​សុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ ដែលជា​ពាក្យ​បណ្តឹង​ស្ថិតនៅក្នុង​ដំណាក់កាល​បោះ​ឆ្នោត រាប់​សន្លឹកឆ្នោត និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​ពាក្យ​បណ្តឹង​នេះ បាន​បិទផ្លូវ​តវ៉ា​នៅ គ​.​ជ​.​ប មុន​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន ដូច្នេះ​វា​ផុតពេល​វេលា​នៃ​ការ​ដោះស្រាយ​បណ្តឹង​នេះ​។ ចឹ​ង​សម្រាប់​ការប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នេះ គឺ​ឲ្យ​គណបក្ស​នយោបាយ​មាន​ភស្តុតាង​បញ្ជាក់​ពី​ភាពមិនប្រក្រតី​របស់​គ​ណៈ​កម្ម​ការ​ថ្នាក់​ណាមួយ​ប្រព្រឹត្ត​កំហុស ដែល​អាច​ឈាន​ទៅដល់​បដិសេធ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត និង​បោះឆ្នោត​សាជាថ្មី​។ ដូច្នេះ​យើង​ពិនិត្យមើល​កម្មវត្ថុ​នៃ​បណ្តឹង វា​មិន​ស្រប​ទៅ​នឹង​មាត្រា​១៣១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើ​សតាំង​តំណាងរាស្ត្រ ចឹ​ង​បើ​គាត់​នៅតែ​បន្ត​បណ្តឹង ក៏​មិន​ប៉ះពាល់​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ​នេះដែរ”។

តាម​លោក សោម សូ​រី​ដា រហូតមកដល់​ពេលនេះ មិន​ទទួល​បាន​ព័ត៌មាន​នៃ​ការដាក់​ពាក្យ​ប្តឹង​របស់​គណបក្ស​ផ្សេងៗ​នោះ​ទេ ប៉ុន្តែ​បើ​ពិនិត្យ​ជាទូទៅ គណបក្ស​ស្ទើរ​តែ​ទាំងអស់ ពុំ​មាន​គុណសម្បត្តិ ដើម្បី​ដាក់ពាក្យ​បណ្តឹងតវ៉ា ទៅនឹង​លទ្ធផល​បណ្តោះអាសន្ន​នេះ​ទេ ដូច្នេះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ គ្មានអ្វី​អា​រារាំង​ដល់​ការប្រកាស​លទ្ធផល​ផ្លូវការ​នោះទេ​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន នៃ​ការ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ក្នុង​នោះ​គណបក្ស​ដែល​ទទួល​បាន​សម្លេង​នាំ​មុខ​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​រហូត​ដល់​៤.៨៨៩.១១៣​សំឡេង ហើយ​តាម​តួលេខ ដែល​បង្ហាញ​ដោយ គ​.​ជ​.​ប សន្លឹកឆ្នោត​បានការ​មាន​ចំនួន​៦.៣៦២.២៤១ ហើយ​សន្លឹកឆ្នោត​មិនបានការ​មាន​ចំនួន​៥៩៤៦៥៩ ចំណែក​អ្នកចូលរួម​បោះឆ្នោត មាន​ចំនួន​៦.៩៥៦.៩០០​នាក់ ដែល​ស្មើនឹង​៨៣,០២​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទាំងអស់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu