ក្រុមខ្លាំងចំនួន៤រួមមានក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) ក្រុមក្រសួងការពារជាតិ (ទ័ព) ក្រុមណាហ្គាវើល និងក្រុមអង្គរថាយហ្គឺរ សុទ្ធតែមានឈ្មោះឡើងទៅប្រកួតក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រប្រចាំពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំទី១២ (Hun Sen Cup 2018) ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ(CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
CNCC បានរៀបចំធ្វើការចាប់ឆ្នោតជ្រើសគូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅព្រឹក ថ្ងៃច័ន្ទ ទី១៣ខែសីហា សប្ដាហ៍នេះ បានរកឃើញក្រុមដែលត្រូវប៉ះគ្នាហើយដោយក្នុងនោះឃើញថាក្រុមណាហ្គាវើល ត្រូវប៉ះក្រសួងការពារជាតិ នៅថ្ងៃទី០១ ខែកញ្ញា វេលាម៉ោង៦និង៣០នាទី និង អង្គរថាយហ្គឺរ ជួបអគ្គស្នងការដ្ឋាននគរបាលជាតិ និង ថ្ងៃទី០២ កញ្ញា នៅម៉ោងដូចគ្នា។
ពានរង្វាន់សម្តេចតេជោឆ្នាំនេះនឹងរៀបចំចំនួន២វគ្គដោយវគ្គទី១ ហៅថាវគ្គជម្រុះថ្នាក់ខេត្ត និងវគ្គទី២ហៅថាវគ្គជម្រុះថ្នាក់ជាតិ ដែលការប្រកួតចាប់ពីថ្ងៃទី៧ ខែមីនា រហូតដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨។ ចំពោះវគ្គជម្រុះតាមថ្នាក់ខេត្តបែងចែក ការប្រកួតជា២វគ្គខុសគ្នាទៀតគឺវគ្គជម្រុះតាមពូលនិងជម្រុះចុងក្រោយ។ វគ្គតាមពូលមានក្រុមចំនួន២៣ខេត្តចូលរួមបូកជាមួយក្រុមគីរីវង់សុខសែនជ័យ, ស៊ីម៉ាក់, យុវជនក្រសួងការពារជាតិ និងសាលាបាល់ទាត់ជាតិបាទី ទាំងអស់២៧ក្រុមបែងចែកជា៥ពូល។ ក្រុមលេខ១ដល់លេខ៣ បូកទាំងក្រុមលេខ៤ល្អបំផុតក្នុងចំណោមពូលទាំង៥មានឈ្មោះឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកវគ្គជម្រុះជុំចុងក្រោយ យកក្រុមទាំង១៦ចាប់គូគ្នាប្រកួតប្តូរទឹកដីគ្នា រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ក្រុមដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (៤ក្រុមខ្លាំងជាងគេ) មានឈ្មោះឡើងទៅប្រកួតដណ្តើមជើងឯកថ្នាក់ជាតិ។
ចំណែកការប្រកួតជើងឯកថ្នាក់ជាតិវិញមានក្រុមចំនួន១២ជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជានៅរង់ចាំបូកជាមួយក្រុមចំនួន៤ខ្លាំងជាងគេមកពីការប្រកួតជម្រុះជើងឯកថ្នាក់ខេត្ត។ ដោយចាប់ឆ្នោតរើសគូប្រកួតប្តូរទឹកដីគ្នា (ចំនួន២លើក) ក្នុងវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង។ យ៉ាងណាក្តីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ទាំងក្នុងវគ្គជម្រុះជើងឯកថ្នាក់ខេត្តនិងវគ្គជម្រុះជើងឯកថ្នាក់ជាតិក្នុងពានរង្វាន់នេះ។
សូមរំលឹកថា ក្រុមជើងឯកឆ្នាំចាស់២០១៧ បានទៅព្រះខ័នរាជស្វាយរៀង អមដោយពានរង្វាន់១ មេដាយម្នាក់១គ្រឿងនិងទឹកប្រាក់ ៨០លានរៀល ហើយក្រុមណាហ្គាវើល ជាជើងឯករង បានមេដាយប្រាក់ម្នាក់១គ្រឿង អមដោយទឹកប្រាក់ និងទឹកប្រាក់៤០លានរៀល ខណៈក្រុមអគ្គីសនីកម្ពុជា ឈរលេខ៣ ទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿង អមដោយទឹកប្រាក់២០លានរៀលនិងក្រុមបឹងកេត ឈរលេខ៤ ទទួលបានទឹកប្រាក់១០លានរៀល។
បើរាប់បញ្ជីឈ្មោះក្រុមដែលធ្លាប់ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ តាំងពីបង្កើតដំបូងក្នុងឆ្នាំ២០០៧ មកមានក្រុមខេមរាកីឡា ឆ្នាំ២០១៧,ភ្នំពេញក្រោន (ឬភ្នំពេញអ៊ីមផាយអ័រ) ឆ្នាំ២០០៨,២០០៩, ក្រសួងការពារជាតិ ឆ្នាំ២០១០, ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១១,២០១២, ណាហ្គាវើល ឆ្នាំ២០១៣, អគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០១៤, ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៥ និងក្រសួងការពារជាតិ ឆ្នាំ២០១៦៕
Source: Kampuchea Thmey Daily
0 Comments