Ad Code

ឯកសារ​គោលដៅ​អភិឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា នឹង​ដាក់​ចូល​គណៈរដ្ឋមន្ត្រី​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋាភិបាល​ថ្មី



ភ្នំពេញ ​៖ ការ​បញ្ជាក់​បែបនេះ ធ្វើឡើង​នៅក្នុង​ជំនួប​នេះ រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក Haoliang Xu ឧបការី​អគ្គលេខាធិការ អ​.​ស​.​ប និង​ជានា​យក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ UNDP ដែល​បាន​ចូល​ចួប​សំដែង​ការគួរសម កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨។



លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឧបការី​អគ្គលេខាធិការ អ​.​ស​.​ប និង​ជានា​យក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ​កម្មវិធី​អភិវឌ្ឍ​ន៏​សហប្រជាជាតិ (UNDP) ដែល​លោក​បាន​អញ្ជើញ​មក​ចូលរួម​សន្និសីទ នៅ​ខេត្តសៀមរាប​។ នៅក្នុង​ជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក Haoliang Xu មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​អរគុណ​ភ្នាក់ងារ​អភិវឌ្ឍន៍​ទាំងអស់​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​កម្ពុជា ដែល​កន្លងមក​បាន​ចូលរួមចំណែក​នៅក្នុង​កា​រក​សាង និង​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស ក៏ដូចជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០​។



តាម​លោក កេ​ត សោ​ផាន់ UNDP ក៏បាន​រួមចំណែក​ចូលរួម​ដល់​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​ទៀត ដូចជា​ការដោះមីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ការបញ្ជូន​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។



នៅក្នុង​ជំនួប​នោះ​ដែរ លោក​ឧបការី បាន​កត់សម្គាល់​អំពី​វឌ្ឍនភាព និង​ការ​រីកចម្រើន​យ៉ាងច្រើន​នៅ​ប្រទេស​កម្ពុជា ជាពិសេស​លើ​ការកាត់បន្ថយ​ភាពក្រីក្រ ដែល​បាន​កាត់បន្ថយ​រហូត ៥០​ភាគរយ​។ ជាមួយគ្នា​នោះ UNDP ក៏បាន​ត្រៀមខ្លួន​ក្នុងការ​ចូលរួម​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្តទៀត​ផងដែ​រ ពីព្រោះ យូ​អិន​ឌី​ភី មិនមែនជា​អង្គការ​នយោបាយ​ទេ គឺជា​អង្គ​ការដែល​ផ្ដល់​ចំណេះដឹង ជំនាញ និង​បច្ចេកទេស ដើម្បី​ជួយ​ដល់​បណ្ដា​ប្រទេស​ទាំងអស់​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។



ចំណែក​លើ​កម្មវិធី​អភិបាលកិច្ច UNDP ក៏បាន​ជួយ​ផ្នែក​ជំនាញ​ដល់​រដ្ឋាភិបាល គឺ​ការ​ផ្ដល់​សេវា​ប្រកបដោយ​ប្រសិទ្ធភាព​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ជម្រាប​ជូន​លោក​ឧបការី​ផង​ដែរ អំពី​ដំណើរ​ការ​អនុម័ត​នូវ​ឯកសារ​គោលដៅ​នៃ​ការវិវត្តន៍​ប្រកបដោយ​ចីរភាព របស់​កម្ពុជា​ដល់​២០៣០ ដែល​ឯកសារ​នេះ គ្រោង​នឹង​ដាក់​ចូល​គណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​ដំបូង​របស់​រដ្ឋាភិបាល​ថ្មី ហើយ​នៅពេល​ឯកសារ​នោះ​ត្រូវបាន​អនុម័ត និង​ត្រូវ​បញ្ចូល​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu