កណ្តាល ៖ នគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធអំពើហិង្សាបណ្តាលឲ្យស្លាប់ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដែលដើមហេតុផ្តើមឡើងពីការគប់ថុំថ្មដាក់គ្នា។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមាន០៤នាក់ត្រូវបានឃាត់ខ្លួនគឺ ១ ឈ្មោះ អាលី មីហ្សាន ភេទប្រុសអាយុ១៧ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ២ ឈ្មោះ លាស់ ខរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិឥស្លាម មុខរបរលក់ត្រី ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាពៅ សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្ដាល ៣ ឈ្មោះ ម៉ាត់ ស្មាអែល ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិឥស្លាមមុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ៤ ឈ្មោះ ស្លេះ រុំម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ។
ជនរងគ្រោះឈ្មោះ ប៉ែន រិទ្ធីរាជ្យ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល(ស្លាប់) វត្ថុតាងចាប់យក ម៉ូតូ០២គ្រឿង ១ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៥ស្លាកលេខ កណ្ដាល1S-6729
២ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ស្លាកលេខកណ្ដាល1V-1797លោកអធិការបានឲ្យដឹងអំពីដំណើររឿងថា មុនពេលកើតហេតុ នៅវេលាម៉ោង១២និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មកដល់ចំណុចកែងលោកតាចិនថៃជឺ បានយកដុំថ្មគប់ទៅលើក្រុមជនសង្ស័យ ភ្លាមនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមមកដល់រង្វង់មូលលោកតាខ្មៅ ក៏បានបុកគ្នាជាមួយម៉ូតូជនរងគ្រោះហើយបន្ទាប់មកក្រុមជនសង្ស័យបានព្រួតគ្នាវាយទាត់ធាត់លើខ្លួនប្រាណជនរងគ្រោះបណ្តាលឲ្យរបួសជាទម្ងន់។
លោកអធិការបន្តថា ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗឯជនជនរងគ្រោះក៏បានបញ្ជូនទៅមន្ទីរពេទ្យតែដោយរបួសធ្ងន់ធ្ងរគ្រូពេទ្យមិនអាចជួយសង្គ្រោះបានជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅកាន់តុលាការ៕
Source: Kampuchea Thmey Daily
0 Comments