ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបានស្នើសុំឲ្យអ្នកនាំពាក្យស្នើឲ្យអ្នកវិភាគទាំងអស់ ទាំងគ្រហស្ថ ទាំងអ្នកបួស កុំឆ្លៀតឱកាសយកការដោះលែងអ្នកជាប់ឃុំមួយចំនួន ធ្វើជាប្រធានបទវាយប្រហារលើការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ពីព្រោះវាជាឆន្ទានុសិទ្ធិ និងនីតិវិធីរបស់តុលាការ ហើយគ្រាន់តែគាប់ជួនពេលវេលាតែប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ និងបន្ទាប់ពីមានការដោះលែងជនជាប់ឃុំមួយចំនួន ឲ្យមានសេរីភាព ប៉ុន្តែបែរជាត្រូវអ្នកវិភាគខ្វះការពិចារណាមួយចំនួនអះអាងថា នោះជាការដាក់គំនាបពីបរទេស ហើយវាយប្រហារលើការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា “ការដោះលែងជនជាប់ចោទមួយចំនួន គឺជាស្មារតីបង្រួបបង្រួមជាតិ នៃថ្នាក់ដឹកនាំប្រទេស ជាឆន្ទានុសិទ្ធិ និងនីតិវិធីរបស់តុលាការ ហើយវាគ្រាន់តែគាប់ជួនពេលវេលាតែប៉ុណ្ណោះ មិនមែនការដោះលែង បានមកដោយសារមានគំនាបណាមួយពីខាងក្រៅ ឬដោយការតស៊ូរបស់មជ្ឈដ្ឋានប្រឆាំងណាមួយឡើយ។ សំណូមពរអ្នកវិភាគទាំងគ្រហស្ថ ទាំងបុព្វជិត មេត្តាកុំឆ្លៀតយកការបាននៅក្រៅឃុំបណ្តោះអាសន្ន និងការដោះលែងអ្នកជាប់ចោទធ្វើជាប្រធានបទវាយប្រហារមកលើការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ហើយជៀសវាងការនិយាយញុះញង់ដែលនាំឲ្យបែកបាក់ជាតិឲ្យសោះ”។
សូមបញ្ជាក់ថា អ្នកវិភាគសង្គម នយោបាយ សកម្មជនដីធ្លី រួមទាំងអតីតអ្នកសារព័ត៌មាន ដែលត្រូវចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើស កាលពីអំឡុងឆ្នាំ២០១៦ និង២០១៧ កន្លងទៅនេះ ត្រូវបានដោះលែងជាបន្តបន្ទាប់។ ក្នុងនោះលោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសបានគ្រប់ចំនួន១៨ខែ។ ក្រោយមកសកម្មជនដីធ្លី នៅសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ក៏ត្រូវបានដោះលែងចេញពីពន្ធនាគារ “ម២” ផងដែរ កាលពី៩យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដោយឡែក អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments