Ad Code

លោក ត្រាំ និយាយ​ថា ទំនងជា​នឹង​ជួប​លោក គីម ម្តងទៀត



ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ទំនងជា​នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ជាថ្មី​ម្តងទៀត​ ខណៈ​លោក​កំពុង​ការពារ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​លោក​ក្នុងការ​បញ្ចុះបញ្ចូល​ឲ្យ​ក្រុង​ព្យុងយ៉ាង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​រ៉​យ​ទ័​រ លោក ត្រាំ បាន​និយាយថា លោក​ជឿជាក់ថា ប្រទេស​កូរ៉េខាងជើង​បាន​ចាត់វិធានការ​ជាក់លាក់​ចំពោះ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ថ្វីបើ​មានការ​សង្ស័យ​ជាទូទៅ​អំពី​ឆន្ទៈ​របស់លោក​គីម​ក្នុងការ​បោះបង់ចោល​ឃ្លាំង​អាវុធ​របស់លោក​ក៏ដោយ​។​

ស្រប​ពេលដែល​លើកឡើងថា “​រឿង​ល្អៗ​ជាច្រើន​កំពុង​កើតឡើង​” ជាមួយ​កូរ៉េខាងជើង​នោះ​, លោក ត្រាំ បាន​ត្អូញត្អែរថា ប្រទេស​ចិន​មិនបាន​ជួយ​អ្វី​ដូចដែល​ខ្លួន​ធ្លាប់​បានធ្វើ​ពីមុនមក​ទេ​ដោយសារតែ​ជម្លោះ​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​។​

លោក ត្រាំ បាន​ថ្លែងថា លោក​បានធ្វើការ​លើ​បញ្ហា​កូរ៉េខាងជើង​អស់​រយៈពេល​ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ​ចំណែកឯ​អ្នក​កាន់តំណែង​មុន​របស់លោក​វិញ​បានធ្វើការ​នេះ​អស់​រយៈពេល​៣០​ឆ្នាំ​។​

លោក​បាន​និយាយថា “​ខ្ញុំ​បាន​បញ្ឈប់​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ខ្ញុំ​បាន​បញ្ឈប់​ការសាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ប្រទេស​ជប៉ុន​មាន​ក្តីរំភើប​។ តើ​នឹងមាន​អ្វី​កើតឡើង​? តើន​រណា​ដឹង​? យើង​នឹង​រង់​ចាំមើល​”​។​

នៅឯ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ទាំងពីរ​ក្នុងប្រទេស​សិង្ហ​បុរី លោក​គីម​បាន​ឯកភាព​យ៉ាង​ទូលំទូលាយ​ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ប៉ុន្តែ​កូរ៉េខាងជើង​មិនបាន​បញ្ជាក់ថា ខ្លួន​មាន​ឆន្ទៈ​បោះបង់ចោល​អាវុធ​របស់ខ្លួន​ជា​ឯកតោភាគី​ដូចដែល​រដ្ឋបាល​របស់​លោក ត្រាំ បានទាមទារ​នោះទេ​។​

នៅពេល​សួរថា​តើ​កិច្ចប្រជុំ​មួយទៀត​ជាមួយ​លោក​គីម​អាច​នឹង​កើតឡើង​ដែរឬទេ​នោះ​? លោក ត្រាំ បាន​និយាយថា “​វា​ទំនងជា​នឹង​កើតឡើង​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ទេ​”​។​

ក្រុម​អ្នក​រិះគន់​បាន​និយាយថា លោក ត្រាំ បានធ្វើ​សម្បទាន​ច្រើនពេក​ដល់​លោក​គីម​ដោយបាន​យល់ព្រម​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះហើយ​បន្ទាប់មក​ផ្អាក​សមយុទ្ធ​យោធា​រួម អាមេរិក - កូរ៉េខាងត្បូង​ប៉ុន្តែ​ទទួលបាន​ការតបត​ម​ក​វិញ​តិចតួច​បំផុត​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu