នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) នឹងប្រកាសបង្ហាញមុខគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាថ្មី ជាផ្លូវការហើយដើម្បីត្រៀមដឹកនាំក្រុមប្រកួតមិត្តភាពអន្តរជាតិមួយចំនួន មុនប្រកួតផ្លូវការក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន AFF Suzuki Cup ឆ្នាំ២០១៨ ចុងឆ្នាំនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះថា ៖ «សហព័ន្ធនឹងធ្វើសន្និសីទសារព័ត៌មានប្រកាសតែងតាំងគ្រូជម្រើសជាតិថ្មីនៅថ្ងៃច័ន្ទ ទី១២ សីហា ២០១៨ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ»។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានណាត់ប្រទេសចំនួន៤ រូមមានម៉ាឡេស៊ី សិង្ហបុរី និងម៉ុងហ្គោលី ខណៈប្រទេស១ទៀតយើងកំពុងចចារគ្នាសិន ដើម្បីប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំ។ ការប្រកួតទាំងនេះគឺធ្វើឡើងដើម្បីត្រៀម AFF Suzuki Cup ចុងឆ្នាំ ហើយការប្រកួតធ្វើឡើងនៅប្រទេសកម្ពុជាទាំងអស់។
បើនិយាយពីពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះបែងចែកប្រកួតជម្រុះជា២វគ្គដោយក្នុងនោះមានវគ្គជម្រុះបឋមនិងវគ្គជម្រុះតាមពូលមុនស្វែងរកឃើញក្រុមខ្លាំងឡើងទៅដណ្តើមជើងឯក។ ប្រកួតវគ្គជម្រុះដំបូងក្រុមទីម័រខាងកើត ត្រូវប៉ះប្រ៊ុយណេ ចំនួន២ជើងគឺប្តូរទឹកដីគ្នាដោយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ធ្វើឡើងនៅប្រទេសទីម័រខាងកើត ហើយជើងទី២ ធ្វើឡើងនៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៨ ធ្វើឡើងនៅប្រទេសប្រ៊ុយណេ។ ក្រុមឈ្នះនៅវគ្គជម្រុះនេះទទួលបានកៅអីឡើងទៅប្រកួតវគ្គជម្រុះតាមពូលជាបន្តជាមួយក្រុម៩ផ្សេងទៀត។
ក្រុមដែលចាំនៅវគ្គជម្រុះតាមពូលបានចាប់ឆ្នោតរួចរាល់គឺពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះអាចជាប្រ៊ុយណេ ឬទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។
សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា វិញនឹងប្រកួតបើកឆាកប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខណៈត្រូវប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ង់ហ្គូន រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាម នៅទីក្រុងហាណូយ៕
Source: Kampuchea Thmey Daily
0 Comments