ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងបានធ្វើការណែនាំអោយប្រធានផ្សារទួលទំពូងនិងអភិបាលខណ្ឌចំការមន ធ្វើការរៀបចំ សណ្តាប់ធ្នាប់ ទាំងក្នុងនិងក្រៅផ្សារទួលទំពូងអោយបានកាន់តែប្រសើរឡើងថែមទៀត ខណៈដែលផ្សារមួយនេះ មានសណ្តាប់ធ្នាប់ប្រសើរឡើងមួយកម្រិតហើយនោះ។
ការណែនាំបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ សីហា ២០១៨ ពោលគឺខណៈដែលលោកដឹកនាំមន្ត្រីក្រោមឱវាទនិងអភិបាលខណ្ឌចំការមនចុះ សួរសុខទុក្ខអាជីវករនិងពិនិត្យមើលសណ្តាប់ធ្នាប់និងរបៀបនៅក្នុងផ្សារខាងលើនេះ អោយកាន់តែល្អប្រសើឡើង។
ក្នុងឱកាសនៃការចុះមើលស្ថានភាពជាក់ស្តែងនៅក្នុងនិងក្រៅផ្សារ លោក ឃួង ស្រេងបានបញ្ជាអោយលោកចំរើន សុខលីម ប្រធានផ្សារទួលទំពូងត្រូវរៀបចំសណ្តាប់ធ្នាប់ខាងក្នុងផ្សារអោយបានល្អ ពោលគឺត្រូវបើកផ្លូវអោយបានធំទូលាយ។
ដោយឡែកនៅខាងក្រៅបរិវេណផ្សារវិញលោក ឃួង ស្រេងក៏បានជំរុញអោយលោកព្រំ សំខាន់អភិបាលខណ្ឌចំការមនរៀបចំសណ្តាប់ធ្នាប់នៅតាមមុខផ្ទះជុំវិញផ្សារ ពិសេសគឺការជំរុញអោយកាត់ទម្លាក់ខ្សែភ្លើង ខ្សែកាប ដែលមានភាពរញ៉េរញ៉ៃ នៅតាមបង្គោលភ្លើងចេញ ដើម្បីអោយនៅបរិវេណជុំវិញផ្សារមានសោភណ្ឌភាព និងសណ្តាប់ធ្នាប់កាន់តែប្រសើរ។
លោកចំរើន សុខលីម បានអោយដឹងផងដែរថា ផ្សារទួលទំពូងមានតូបលក់ដូរចំនួន១៣៧៤តូប ហើយតូបលក់ដូរភាគច្រើន គឺលក់វត្ថុអនុស្សាវរីយដែលមានរចនាបទខ្មែរបុរាណ លក់គ្រឿងបន្លាស់ម៉ូតូ រួមនឹងតូបលក់ខោអាវមួយចំនួនផងដែរ។
ចំពោះបញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុង និងក្រៅផ្សារ គណៈកម្មការផ្សារបានរៀបចំបានល្អមួយកម្រិតហើយ ក្នុងនោះ ក្នុងមួយសប្តាហ៍យើង ក៏បានបាញ់ទឹកលាងផ្សារចំនួន២ដងជាប្រចាំផងដែរ៕
Source: Kampuchea Thmey Daily
0 Comments