Ad Code

ឪពុក​ដឹក​កូនស្រី​ចេញពី​រៀន​ ត្រូវ​មែកឈើ​បាក់​ធ្លាក់​សង្កត់​របួស​ទាំងពីរ​នាក់



ភ្នំពេញ ​៖​ ​ឪពុក​ដឹក​កូនស្រី​​ចេញ​ពី​រៀន​​ ​​ស្រាប់តែ​មែក​ក្ងោក​ងាប់​ដ៏​ធំ​មួយ​មែក​ បាន​បាក់​ធ្លាក់​ប៉ះ​​​បណ្ដាល​ឲ្យ​រង​របួស​​​ទាំង​២​នាក់​​​ កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​​ ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ក្បែរ​សាលា​បឋម​សិក្សា​ចតុមុខ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២១៤​ ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​​​ជិតខាង បាន​​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជា​ឪពុក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា គុប​សេ​៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ ១CB-៥៨៦៦​ដឹក​កូនស្រី​តូច​ចេញពី​រៀន​សាលា​ឯកជន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ ទិសដៅ​ពី​លិចទៅ​កើត​ ខណៈ​ពេល​មកដល់​ចំណុចកើតហេតុ​ ក៏​ស្រាប់តែ​មែក​ក្ងោក​ងាប់​ដ៏​ធំ​មួយ​មែក​បាន​បាក់​ប្រាវ​ប៉ះ​ពួកគាត់​ទាំងពីរ​នាក់​ឪពុក​កូន​នោះ ​ដួល​ម៉ូតូ​ត្រូវ​រង​របួស​ស្រាល​ផងដែរ។

ប្រភព​ដដែល​បាន​បន្តទៀតថា ​ក្នុង​ហេតុការណ៍​នោះ ​ប្រសិនបើ​ឪពុក និង កូន​ទាំង​២​នាក់​ជិះ​យឺត​តែ​បន្តិច​ប្រាកដជា​សង្កត់​រង​របួស​ធ្ងន់​ទាំង​២​នាក់​ជាក់​ជាមិនខាន​ឡើយ។ ​នេះ​ក៏​ចាត់ទុកជា​សំណាង​មួយ​ផងដែរ​ ដែល​មិន​បង្ក​គ្រោះថ្នាក់​អាយុជីវិត​នោះ។

ពាក់ព័ន្ធ​នឹង​ការ​រលំ​ ឬ​បាក់​ដើមឈើ ​ដែល​តែងតែ​បង្ក​ការ​គ្រោះថ្នាក់​ញឹកញាប់​ដល់​ប្រជាពលរដ្ឋ​ឬក៏​ខូចខាត​ទ្រព្យសម្បត្តិ​គ្មាន​អ្នកទទួលខុសត្រូវ​នោះ​ដែរ​ ប្រជាពលរដ្ឋ​ក៏បាន​ទទូច​ស្នើសុំ​ឲ្យ​ខាង​មន្ទីរ​ជំនាញ​គួរណា​ចុះ​កាប់​​​មែកឈើ​ធំៗ​ចេញ​ឲ្យ​អស់​ទៅ​ ព្រោះ​មែកឈើ​ទាំងនោះ​ អាច​បង្ក​​​គ្រោះថ្នាក់​ជា​យថាហេតុ​ណា​មួយទៀត​ ពេល​ដែល​មេឃ​ធ្លាក់​ខ្យល់​បោកបក់​ខ្លាំង​នោះ។

គួរ​បញ្ជាក់​ថា​ មែកឈើ​ ដែល​បាក់​ធ្លាក់​ត្រូវរបួស​ពីរ​នាក់​ឪពុក​និង​កូន​នោះ​ដែរ ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន ​ចុះ​មក​ចាត់ចែង​អារ​កាត់ចេញ​ដើម្បី​កុំ​ឲ្យ​ស្ទះ​ចរាចរ​យូរ​ពេក​ផង​ដែរ។ រីឯ​ឪពុក​​ ​​ដែល​រង​របួស​ស្រាល​នោះ​ ក៏​នាំ​កូន​ទៅ​ពេទ្យ​ដើម្បី​ព្យាបាល​របួស​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu