ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានប្រកាសឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញលើកក្រោយ ត្រូវប្តូរពីការប្រជុំក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ទៅប្រជុំតាមទីសាធារណៈនានាក្នុងខណ្ឌទាំង១២ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមស្តាប់ និងលើកជាសំណើ ឬ សំណូមពរជាក់ស្តែងតែម្តង។
លោកប្រធានក្រុមប្រឹក្សាលើកឡើងទៀតថា នេះជាការកែលំអរបៀបរបបធ្វើការសម្រាប់អាណត្តិទី៦នៃរដ្ឋសភា នឹងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដោយណែនាំឲ្យអាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ធទាំងអស់គ្រប់លំដាប់ថ្នាក់ត្រូវជំរុញការបម្រើប្រជាពលរដ្ឋឲ្យកាន់តែសកម្ម កាន់តែកៀកជិតប្រជាពលរដ្ឋ និងមានប្រសិទ្ធភាពជាងមុនដោយមិនបន្ធូរដៃឡើយចាប់ពីក្រោយការបោះឆ្នោតនេះតទៅ។
លោកម៉ប់ សារិន បានលើកឡើងដូច្នេះកាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញលើកទី៥១ អាណត្តិទី២ ដោយមានវត្តលោក លោកស្រី ជាអភិបាលរងរាជធានី ៣រូប និង មន្ត្រីតំណាងឲ្យអាជ្ញាធររាជធានីភ្នំពេញជាច្រើនរូបទៀត។
ជាមួយគ្នានេះ លោកម៉ប់ សារិន ក៏បានជំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការត្រៀមបង្ការជាមុនក្នុងពេលជំនន់ទឹកទន្លេមេគង្គកំពុងហក់ឡើងនាពេលនេះ និងសុំឲ្យយកចិត្តទុកដាក់ពីបញ្ហាការផ្ទុះឡើងនូវជំងឺគ្រុនឈាមដែលបានកើតឡើងក្នុងរដូវវស្សានេះទាំងលើកុមារ និងមនុស្សចាស់។
លោកហួត ហៃ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញបានឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលបង្ហាញពីក្តីបារម្ភរឿងទីលានចាក់សំរាមក្នុងខណ្ឌដង្កោ ដែលជិតពេញទៅហើយនោះថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងគិតគូរកដៃគូវិនិយោគបង្កើតទីលានចាក់សំរាមថ្មី ដែលទីលានចាក់សំរាមកំពុងប្រើប្រាស់សព្វថ្ងៃមានទំហំ ៣២ហិកតាដែលតាមការព្យាករណ៍ទីលានចាក់សំរាមបច្ចុប្បន្ននឹងពេញព្រៀបនៅក្នុងឆ្នាំ២០២១ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments