Ad Code

បុក​ម៉ូតូ បើក​រត់​ជាប់​ទាំង​សព​ទៅ​ជា​មួយ​ជាង​២០ គីឡូម៉ែត្រ ​ទើប​រត់ចោល​រថយន្ត



បាត់ដំបង ​៖​ យុវជន​ម្នាក់​ដែល​បាន​បើកបរ​ម៉ូតូ​ទាំង​កណ្តាលអធ្រាត្រ ត្រូវបាន​រថយន្ត​បុក​ពេញទំហឹង បណ្តាលអោយ​​ប៉ើង​រំលង​កាបូ ទៅ​ធ្លា​ក់​លើ​ទ្រុង​រថយន្ត ​ ព្រមទាំង​បាន​ទៅជា​មួយ​រថយន្ត​ប្រមាណ​ជាង ២០ គីឡូម៉ែត្រ ទើប​ម្ចាស់​រថយន្ត​ចត​ទុកចោល​ដើម្បី​រត់​គេចខ្លួន​ដោយ​មិនបាន​ដឹង​ថា ការ​បើក​រត់​របស់​ខ្លួន​នាំ​យក​ទាំង​សព​ទៅជា​មួយ​ផង​នោះទេ។

ហេតុការណ៍​ដ៏​កម្រ​នេះ​ ​បាន​កើត​ឡើង នា​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ​ វេលា​ម៉ោង ៩និង ៥ នាទី យប់ នៅ​ចំណុច ភូមិ​ថ្មី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ លេខ ២៦០ និង ២៦១ រវាង​រថយន្ត​មួយ​គ្រឿង ម៉ាក​នីសាន់ ពណ៌​ទឹកប្រាក់ បាត់ដំបង 2A-4820 ជាមួយនឹង ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឃ្លីក​ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង​1AA. 8759 ក្នុង​ទិសដៅ​ច្រាស់​គ្នា។

តាម​ការ​អះអាង​ពី​មន្ត្រី​ប៉ុស្តិ៍​បាន​អោយដឹងថា នៅ​មុន​ពេល​កើតហេតុ គឺ​គេ​សង្ស័យ​ថា​ ម៉ូតូ​ជនរងគ្រោះ ​ដែល​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​បាត់ដំបង ទៅកាន់​ភ្នំពេញ អាច​ទំនងជា​មានការ​ឡើង​ជែង​ទៅនឹង​អ្វីមួយ ទើប​ធ្វើអោយ​ម៉ូតូ​ជ្រែ​ឆ្លង​គំនូស​លឿង​ចូល​ទៅ​ខាងឆ្វេង​ ហើយ​បាន​បុក​ជាមួយនឹង​រថយន្ត ដែល​កំពុងបើក​មកពី​មុខ បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ហោះ​ផ្លោង​រំលង​កាបូ​រថយន្ត​ទៅ​ធ្លាក់​ចូលក្នុង​ឃ្លុប​ខាងក្រោយ ស្លាប់​នៅក្នុង​គូទ​រថយន្ត​នោះ​តែម្តង។

សមត្ថកិច្ច​បាន​បន្ត​ថា ភ្លាមៗ​នោះ​ដែរ ​អ្នកបើកបរ​រថយន្ត​មិនបាន​ឈប់​ទេ គេ​បាន​បន្ថែម​ល្បឿន ឆ្ពោះ​ទៅកាន់​ក្រុង​បាត់ដំបង ប៉ុន្តែ​ការបើក​រត់​នេះ បាន​ប្រមាណ​ជាង ២០ គីឡូម៉ែត្រ ប៉ុណ្ណោះ គឺ​ទៅដល់​ត្រង់​ចំណុច​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ទើប​គេ​បាន​ទុក​រថយន្ត​ចោល រួច​រត់​គេច​ខ្លួនបាត់​ស្រមោល​ទាំងយប់​តែម្តង លុះ​ក្រោយពេល​សមត្ថកិច្ច​តាម​ប្រមាញ់ ក៏បាន​ប្រទះឃើញ​រថយន្ត​ដែល​គេ​ចត​ទុកចោល ព្រមទាំង​មាន សព​ជនរងគ្រោះ​ជាប់​តាម​រថយន្ត​មក​ជា​មួយ​ផង។

បច្ចុប្បន្ន រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត រីឯ​ម៉ូតូ​គឺ​រក្សាទុក​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាលឃុំ​ព្រៃតូច ចំណែក​សព​ជនរងគ្រោះ ក្រោយមក​ទើប​ដឹង​ថា​មានឈ្មោះ ឡាប សា​មាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ចក​ធំ ឃុំ​កកោះ​ស្រុក​មោងឫស្សី ដោយ​កំលាំង​បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu