កាសែតរដ្ឋរបស់ប្រទេសចិននៅថ្ងៃអង្គារ បានពិពណ៌នាថាជា “ការគិតទាំងស្រមៃ” ក្នុងការដែលប្រធានាធិបតីអាមេរិកលោក Donald Trump ជឿជាក់ថា ការធ្លាក់ចុះនៃស្តុករបស់ចិនគឺជាសញ្ញានៃជ័យជំនះពាណិជ្ជកម្មរបស់គាត់និងជាឧទាហរណ៍នៃសមត្ថភាពរបស់គាត់ក្នុងការពន្លឿនការពិត។
ការអត្ថាធិប្បាយនៅក្នុងកាសែត China Daily បានកើតឡើងខណៈដែលវោហាសាស្ត្រនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលត្រូវបានគ្រប់គ្រងយ៉ាងសកម្មដោយទីក្រុងប៉េកាំងបានប្រកាន់ជំហរឈ្លានពានកាន់តែខ្លាំងឡើងប្រឆាំងនឹងលោក Trump ដែលនេះជាការផ្លាស់ប្តូរពីវិធីសាស្ត្រមុនរបស់ពួកគេដែលភាគច្រើនរិះគន់ដោយផ្ទាល់ដល់គោលនយោបាយរបស់សហរដ្ឋអាមេរិក។
កាលពីថ្ងៃចន្ទ កាសែត People’s Daily របស់គណបក្សកុម្មុយនីសបានចង្អុលដាក់លោក Trump ដោយនិយាយថា គាត់កំពុងសម្តែងក្នុងល្ខោនបញ្ឆោតនៃការជំរិតយកប្រាក់និងបំភិតបំភ័យដោយយកតម្រាប់តាមអ្នកប្រយុទ្ធគ្នាតាមដងផ្លូវ"។
កាលពីថ្ងៃសុក្រ ប្រទេសចិនបានស្នើពន្ធលើការសងសឹកលើទំនិញអាមេរិកដែលមានតម្លៃ៦០ពាន់លានដុល្លារគិតចាប់ពីឧស្ម័នធម្មជាតិរាវ (LNG) ទៅដល់យន្ដហោះមួយចំនួនបន្ទាប់ពីមានសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump សម្រាប់ការតម្លើងពន្ធខ្ពស់ជាង២៥ភាគរយលើការនាំចូលរបស់ចិនចំនួន២០០ពាន់លានដុល្លារ។
កាសែតនេះបានចុះផ្សាយដោយសំដៅទៅលើការបង្ហោះ Twitter របស់លោក Trump កាលពីថ្ងៃសៅរ៍ដែលបាននិយាយថា “ពន្ធកំពុងធ្វើការល្អជាងអ្វីដែលគ្រប់គ្នារំពឹងទុក។ ទីផ្សារប្រទេសចិនបានធ្លាក់ចុះ២៧ភាគរយក្នុងរយៈពេល៤ខែចុងក្រោយនេះ”។
កាសែត China Daily បានចុះផ្សាយថា ផ្សារហ៊ុនរបស់ប្រទេសចិនកំពុងដំណើរចុះខ្សោយមុនការវាយប្រហារពន្ធរបស់រដ្ឋបាលនេះហើយនេះគឺដោយសារតែការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីកាត់បន្ថយបំណុលក្រុមហ៊ុន។
ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងកាលពីថ្ងៃសុក្រថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិកបានកើនឡើងពី៣ពាន់លានដុល្លារដល់៤៦.៣ពាន់លានដុល្លារក្នុងខែមិថុនាដែលនេះជាការកើនឡើងជាលើកដំបូងក្នុងរយៈពេល៤ខែ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments